ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នាល្ងាចថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ បានអញ្ជើញថ្លែងសុន្ទរកថាបើកកម្មវិធី ក្រោមប្រធានបទ «សូមពិភពលោក រួចផុតពីជំងឺរាតត្បាតកូវីដ-១៩ និងអំពើជួញដូរមនុស្ស»។

ជារៀងរាល់ឆ្នាំ គណៈកម្មាធិការជាតិ ប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស (គ.ជ.ប.ជ.) តែងតែបានសហការ ជាមួយ ក្រសួងធម្មការ និងមេដឹកនាំសាសនាធំៗនៅកម្ពុជា ដើម្បីរៀបចំកម្មវិធីអន្តរសាសនា ប្រឆាំងការជួញដូរមនុស្ស ក្នុងគោលបំណងបួងសួង ឲ្យប្រជាជនកម្ពុជា ក៏ដូចជា ប្រជាជនលើពិភពលោកទទួលបាន សេចក្តីសុខជៀសផុតពីការរំលោភបំពាន និងអំពើជួញដូរមនុស្ស ដែលជាទាសភាពសម័យទំនើប។

ដើម្បីញ៉ាំងកម្មវិធីនេះ ឲ្យបានជ្រួតជ្រាបដល់គ្រប់ស្រទាប់ មហាជនទាំងក្នុងប្រទេស និងក្រៅប្រទេស ក្រសួងធម្មការ និងសាសនា បានធ្វើការណែនាំ ដូចជា ៖ គ្រប់វត្តអារាម និងព្រះវិហារនៃគ្រប់សាសនា ត្រូវបន្លឺសម្លេងស្គរ ជួងកងរំពង នៅវេលាម៉ោង ៦ល្ងាចថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១។

ជាងនេះទៅទៀត គ្រប់វត្តអារាម និងព្រះវិហារនៃគ្រប់សាសនា ត្រូវអនុវត្តតាមការណែនាំ របស់ក្រសួងសុខាភិបាល ជាពិសេស ត្រូវប្រកាន់ខ្ជាប់ជានិច្ច នូវវិធានការ «៣កុំ ៣ការពារ» របស់ រាជរដ្ឋាភិបាលកម្ពុជា ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ