ឆ្នាំ២០២២ ច្រកចេញចូលតែមួយនៅទូទាំងប្រទេស រកចំណូលបានជាង ២៨លានដុល្លារ
ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ បានថ្លែងឱ្យដឹងថា ក្នុងឆ្នាំ២០២២កន្លងទៅ អង្គភាពច្រកចេញចូលតែមួយនៃរាជធានី-ខេត្ត បានផ្តល់សេវារដ្ឋបាលបានចំនួន ៦៩៥.២០៥សេវា និងទទួលបានចំណូលសរុបចំនួន ២៨.២១២.៤៩២ដុល្លារ។
ថ្លែងក្នុងឱកាសអញ្ជើញធ្វើសេចក្តីរាយការណ៍សង្ខេបស្តីពីរបាយការណ៍ប្រចាំឆ្នាំ២០២២របស់ក្រសួងមហាផ្ទៃក្នុងពិធីបើកសន្និបាតត្រួតពិនិត្យលទ្ធផលការងារ ឆ្នាំ២០២២ និងលើកទិសដៅការងារ ឆ្នាំ២០២៣ របស់ក្រសួងមហាផ្ទៃ នៅសណ្ឋាគារសុខាភ្នំពេញ នាព្រថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ បានថ្លែងថា ដើម្បីឆ្លើយតបទៅនឹងតម្រូវការ នៃការផ្តល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង ក្រសួងមហាផ្ទៃ បានសម្របសម្រួល និងដាក់ឱ្យអនុវត្តនូវសេចក្ដីណែនាំ ស្តីពីបែបបទ និងនីតិវិធីនៃការផ្តល់សេវារដ្ឋបាលតាមយន្តការច្រកចេញចូលតែមួយ នៅរដ្ឋបាលឃុំ សង្កាត់ បន្ថែមទៀត។
នាយឧត្តមសេនីយ៍ បញ្ជាក់ថា «អង្គភាពច្រកចេញចូលតែមួយរាជធានី ខេត្ត ផ្តល់សេវារដ្ឋបាលបានចំនួន ៦៩៥.២០៥សេវា និងទទួលបានចំណូលសរុបចំនួន ១១២.៨៤៩.៩៧១.៧៨៧រៀល សមមូល ២៨.២១២.៤៩២ ដុល្លារ»។
នាយឧត្តមសេនីយ៍ បន្ដថា ដោយឡែក ការិយាល័យច្រកចេញចូលតែមួយក្រុង ស្រុក ខណ្ឌ ផ្ដល់សេវារដ្ឋបាល បានចំនួន ១.៥៦១.៧០៤សេវា និងទទួលបានចំណូលសរុបចំនួន ១១.០០៩.០៦៦.៩៦០រៀល សមមូល ២.៧៥២.២៦៦ដុល្លារ។
លើសពីនេះទៀត នាយឧត្តមសេនីយ៍ អគ្គលេខាធិការ បានលើកឡើងបន្ថែមថា ការិយាល័យប្រជាពលរដ្ឋនៅរាជធានី-ខេត្ត ទទួលបានបណ្តឹង និងព័ត៌មានផ្សេងៗចំនួន ១.២៦៧ ករណី ក្នុងនោះ បណ្ដឹងក្នុងសមត្ថកិច្ច ៧៦៧ករណី (បញ្ចប់ការដោះស្រាយបាន ៧១២ករណី) បណ្តឹងក្រៅសមត្ថកិច្ច ២០២ករណី និងព័ត៌មានផ្សេងៗ ២៩៨ករណី។
នាយឧត្តមសេនីយ៍ បន្ថែមទៀតថា ដោយឡែក ការិយាល័យប្រជាពលរដ្ឋសម្រាប់ក្រុង ស្រុក ខណ្ឌ ទទួលបានបណ្តឹង និងព័ត៌មានផ្សេងៗចំនួន ១៣.៩៩៣ករណី ក្នុងនោះបណ្តឹងក្នុងសមត្ថកិច្ច ៣៣៨ករណី (បញ្ចប់ការដោះស្រាយបាន ៣២៧ករណី) បណ្ដឹង ក្រៅសមត្ថកិច្ច ១៤៨ករណី និងព័ត៌មានផ្សេងៗ ១៣.៥០៧ករណី៕EB