ភ្នំពេញ ៖ លោក ជា ចាន់តូ ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានថ្លែងថា ប្រព័ន្ធធនាគាររក្សាបានភាពធន់ និងរួមចំណែកគាំទ្រសកម្មភាពសេដ្ឋកិច្ចកម្ពុជា ជាពិសេស ជួយដល់វិស័យទទួលរងផលប៉ះពាល់ និងប្រជាជនងាយរងគ្រោះដោយកូវីដ-១៩។

ក្នុងជំនួបពិភាក្សាការងារជាមួយ ក្រុមបេសកកម្មពិគ្រោះយោបល់មាត្រា IV របស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ដឹកនាំដោយ លោក Alasdair Scott សេដ្ឋវិទូជាន់ខ្ពស់ និងជាប្រធាន ក្រុមបេសកកម្មពិគ្រោះយោបល់មាត្រា IV សម្រាប់កម្ពុជា តាមរយៈប្រព័ន្ធអនឡាញ នាពេលថ្មីៗនេះ លោក ជា ចាន់តូ បានលើកឡើងពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា ជាពិសេស វិធានការរបស់រាជរដ្ឋាភិបាល ក្នុងការគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងវិធានការគាំទ្រសង្គមនិងសុខាភិបាល ដែលត្រូវបានអនុវត្តយ៉ាងម៉ឺងម៉ាត់ និងប្រកបដោយប្រសិទ្ធភាព។


លោកបានបញ្ជាក់ថា «គ្រប់គ្រងសម្ពាធអតិផរណា ដោយកម្ពុជារក្សាបានក្នុងកម្រិតទាបជាង ៣% ជាមួយស្ថិរភាពអត្រាប្តូរប្រាក់ (ប្រែប្រួលទាបជាង ២%)។ កម្ពុជាក៏បានរក្សាកម្រិតខ្ពស់គ្រប់គ្រាន់នៃទុនបម្រុងអន្តរជាតិ ដែលអាចធានាការនាំចេញទំនិញនិងសេវាប្រមាណ ១០ខែ។ ទន្ទឹមនេះ ប្រព័ន្ធធនាគារក៏បានរក្សាភាពធន់ និងបានរួមចំណែកក្នុងការគាំទ្រសកម្មភាពសេដ្ឋកិច្ច ជាពិសេសបានជួយដល់វិស័យដែលទទួលរងផលប៉ះពាល់និងប្រជាជនងាយរងគ្រោះ»។ 

នាឱកាសនោះ លោក ជា ចាន់តូ ក៏បានវាយតម្លៃខ្ពស់ចំពោះជំនួយបច្ចេកទេសរបស់ IMF ជាពិសេសវត្តមាន ការិយាល័យតំណាងរបស់ IMF នៅកម្ពុជា និងជំនាញការ IMF នៅធនាគារជាតិនៃកម្ពុជា ដែលបានរួមចំណែកគាំទ្រការរៀបចំអនុវត្តគោលនយោបាយនានា ក៏ដូចជា ការអភិវឌ្ឍធនធានមនុស្ស។


ឆ្លៀតឱកាសនោះ លោក Alasdair Scott បានជម្រាបជូនពីគោលបំណងនៃការបំពេញបេសកកម្មរយៈពេល២ សប្តាហ៍នេះ គឺចាប់ពីថ្ងៃទី១៣-២៧ ខែកញ្ញា ឆ្នាំ២០២១ និងបានថ្លែងការកោតសរសើរពីវិធានការរបស់រាជរដ្ឋាភិបាល និងធនាគារជាតិនៃកម្ពុជា ក្នុងការកាត់បន្ថយឥទ្ធិពលនៃការរីករាលដាលនៃជំងឺកូវីដ-១៩។ 

សូមរំលឹកថា បេសកកម្មពិគ្រោះយោបល់មាត្រា IV ជាបេសកកម្មរបស់ IMF ដែលត្រូវបានធ្វើឡើងជាប្រចាំឆ្នាំ នៅគ្រប់បណ្តាប្រទេសជាសមាជិក ក្នុងគោលបំណងតាមដានស្ថានភាពម៉ាក្រូសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងលើកជាអនុសាសន៍គោលនយោបាយសម្រាប់អនុវត្តសំដៅគាំទ្រការអភិវឌ្ឍសេដ្ឋកិច្ច៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ