ភ្នំពេញ ៖ លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំយុវជន និងកីឡា បានលើកឡើងថា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំចិន នាពេលខាងមុខនេះ មាតា-បិតា មិនត្រូវរៀបចំកម្មវិធី ធ្វើឱ្យប៉ះពាល់ដល់ការសិក្សារបស់បុត្រធីតាឡើយ ព្រោះថាបុណ្យចូលឆ្នាំចិន មិនស្ថិតក្នុងប្រតិទិនឈប់សម្រាកការងារប្រចាំឆ្នាំ២០២៣នោះទេ។

លោកអ្នកនាំពាក្យ បានបញ្ជាក់ថា « បុណ្យចូលឆ្នាំចិន មិនស្ថិតក្នុងប្រតិទិនឈប់សម្រាកការងាររបស់មន្ត្រីរាជការ និយោជិក កម្មករ ប្រចាំឆ្នាំ២០២៣ ទេ។  សូមបុគ្គលិកអប់រំ រៀបចំកម្មវិធីការងារឱ្យមានដំណើការជាប្រក្រតី។ សូមមាតាបិតាអ្នកអាណាព្យាបាល រៀបចំកម្មវិធីគ្រួសារកុំឱ្យប៉ះពាល់ដល់ការសិក្សារបស់បុត្រធីតា»។

លោក រស់ សុវាចា បានបន្ថែមទៀតថា ការជំរុញនេះ គឺដើម្បីឲ្យសិស្សនិងគ្រូមករៀននិងបង្រៀនបានពេញលេញ និងទាន់កម្មវិធីសិក្សាព្រោះថាពិធីបុណ្យចូលឆ្នាំចិនមិនមែនជាថ្ងៃឈប់សម្រាករបស់បុណ្យជាតិនោះទេ។ លោក សង្ឃឹមថា អាណាព្យាបាលមាតាបិតាសិស្សនឹងនាំកូនៗរបស់ខ្លួនមករៀនឲ្យបានគ្រប់ៗគ្នានៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជនជាតិចិន ដើម្បីកុំឲ្យពួកគេខាតការសិក្សាឬរៀនមិនទាន់គេជាដើម។

សូមរំលឹកថា នៅក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ នៅពេលបុណ្យចូលឆ្នាំចិនវៀតណាមម្តងៗ មិនសូវមានសិស្សនិងគ្រូមករៀន និងបង្រៀនទេ ដោយសារតែមានឱពុកម្តាយខ្លះបាននាំកូនៗរបស់ខ្លួនទៅដើរលេងកំសាន្តនៅតាមរមណីយដ្ឋាននានា។ ចំណែកក្រសួងអប់រំយុវជន និងកីឡា តែងតែណែនាំដល់គ្រឹះស្ថានសិក្សាទាំងអស់ ពិសេសសាលារៀននៅក្នុងរាជធានីភ្នំពេញ ត្រូវអនុវត្តវិធានការរដ្ឋបាលរបស់ក្រសួងអប់រំឲ្យបានម៉ឺងម៉ាត់ជាទីបំផុត ប្រកបដោយប្រសិទ្ធភាពខ្ពស់ចំពោះសាលាណាដែលមានអវត្តមានសិស្សនិងគ្រូច្រើនផងដែរ។ ពិធីបុណ្យសែនចិនឆ្នាំនេះ នឹងប្រព្រឹត្តិទៅនៅថ្ងៃទី ២១ខែមករាឆ្នាំ២០២៣ និងបុណ្យចូលឆ្នាំចិននឹងប្រព្រឹត្តិរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី២២-២៤ ខែមករា ឆ្នាំ២០២៣ ខាងមុខនេះ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ