ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា  បានលុបចោល កម្មវិធីទាំងអស់ និងកម្មវិធីជួប រដ្ឋមន្ត្រីការបរទេសអង់គ្លេស នាពេលខាងមុខ ដោយសារសម្ដេច ជាប់ធ្វេីចត្តាឡីស័ក ១៤ ថ្ងៃ ថ្ងៃចាប់ពីល្ងាចថ្ងៃទី ១៩ខែ មិថុនា ឆ្នាំ ២០២១ នេះរហូតដល់ថ្ងៃទី ៣កក្កដាឆ្នាំ ២០២១។ ក្រោយពីពាក់ព័ន្ធដោយប្រយោលជាមួយអ្នកកើតជំងឺកូវីដ-១៩។ 

តាមរយៈហ្វេសប៊ុក នារសៀលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា «ដោយសារខ្ញុំបានពាក់ព័ន្ធដោយប្រយោលជាមួយអ្នកកើតជំងឺងឺកូវីដ-១៩។ ក្រុមគ្រូពេទ្យតម្រូវអោយខ្ញុំធ្វើតេស្តនិងធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃថ្ងៃចាប់ពីល្ងាចថ្ងៃទី ១៩ខែ មិថុនា ឆ្នាំ ២០២១ នេះរហូតដល់ថ្ងៃទី ៣កក្កដាឆ្នាំ ២០២១»។ 

សម្ដេចតេជោ បន្ដថា «ខ្ញុំសូមអភ័យទោសដែលតម្រូវអោយខ្ញុំលុបចោលកម្មវិធីជួបជុំទាំងអស់ដែលបានគ្រោងទុកទាំងការជួបផ្ទាល់ទាំងការជួបតាមវីដេអូ ជាពិសេស សុំការយោគយល់ពីសំណាក់ ឯកឧត្តមរដ្ឋមន្ត្រីការបរទេសអង់គ្លេសដែលគ្រោងជួបគ្នា នៅម៉ោង៩:០០ព្រឹក ថ្ងៃទី ២៣ ខែ មិថុនា ឆ្នាំ ២០២១ ខាងមុខនេះនៅវិមានសន្តិភាព»។

សម្ដេចតេជោ បន្ដថា ទោះត្រូវលុបចោលការជួបទាំងខ្មែរទាំងបរទេស តែសម្ដេច  នៅតែធ្វើការដូចពេលមុនជាមួយគ្រប់ស្ថាប័នទាំងស៊ីវិលទាំងកងកម្លាំងប្រដាប់អាវុធ រាប់ទាំងការប្រជុំតាម ZOOM ផង ដោយសារបច្ចេកទេសនេះមិនតម្រូវឲ្យមានមនុស្សចូលមកជិតសម្ដេចទេ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ