ភ្នំពេញ ៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងបញ្ជាក់ថាគម្រោងពង្រីក និងលើកកម្ពស់គុណភាពផ្លូវជាតិលេខ៣ ពីរង្វង់មូលចោមចៅដល់ក្រុងកំពត មានប្រវែងប្រមាណ១៣៤គីឡូម៉ែត្រ ដោយក្រាលបេតុងកៅស៊ូ (AC) គិតមកដល់ពេលនេះសម្រេចការសាងសង់បាន៩០%ហើយ ដោយគ្រោងនឹងបញ្ចប់នៅខែកញ្ញា ឆ្នាំ២០២១នេះ មុនការកំណត់ចំនួន១ឆ្នាំ។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបញ្ជាក់យ៉ាងដូចនេះនាព្រឹកថ្ងៃទី០៤ ខែមករា ឆ្នាំ២០២០នេះ ក្នុងឱកាសដឹកនាំក្រុមការងារ ដោយមានការចូលរួមពីក្រុមហ៊ុនសាងសង់ ក្រុមហ៊ុនត្រួតពិនិត្យគុណភាពផ្លូវ ចុះពិនិត្យមើលវឌ្ឍនភាពនៃការសាងសង់ផ្លូវជាតិលេខ៣។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបញ្ជាក់ទៀតថា ការរួចរាល់មុនគម្រោងនេះ គឺបានឆ្លងកាត់ការត្រួតពិនិត្យរបស់មន្ត្រីជំនាញគ្រប់ដំណាក់កាលសាងសង់ទាំងអស់ និងបានត្រឹមត្រូវតាមលក្ខណ:បច្ចេកទេស។

លោកទេសរដ្ឋមន្ត្រីបានបន្ថែមទៀតថា ដើម្បីបញ្ជៀសឱ្យបានកាន់តែមានប្រសិទ្ធភាព ក្នុងការបើកបរបត់ត្រឡប់ក្រោយនៅលើផ្លូវជាតិលេខ៣នេះ នឹងក្រោយពីការស្នើរបស់ក្រសួងក្រុមហ៊ុនសាងសង់ក៏បានសម្រេចជួយសាងសង់ផ្លូវត្រឡប់ក្រោយចំនួន៥កន្លែង នៅលើផ្លូវជាតិលខ៣នេះផងដែរ។

សូមបញ្ជាក់ថា ការពង្រីក និងលើកកម្រិតគុណភាព (ពី DBST ទៅ AC) លើកំណាត់ផ្លូវជាតិលេខ៣នេះ មានប្រវែងសរុបជិត១៣៥គីឡូម៉ែត្រ ចាប់ពីរង្វង់មូលចោមចៅ ដល់ក្រុងកំពត ក្រោមហិរញ្ញប្បទានសម្បទានរបស់រដ្ឋាភិបាលចិនជាង ២០០លានដុល្លារអាមេរិក។

គម្រោងនេះចែកចេញជាពីរកំណាត់៖ កំណាត់ទី១ ចាប់ពីភ្នំពេញ (ចោមចៅ)-បែកគូស មានប្រវែងជិត៧០គីឡូម៉ែត្រ ត្រូវពង្រីកទទឹងតួផ្លូវរហូតដល់ ២៤.៥ម៉ែត្រ ជា៤គន្លង (២គន្លងទៅ ២គន្លងមក) ដោយក្រាលបេតុងកៅស៊ូ AC កម្រាស់ ៩សង់ទីម៉ែត្រ ទទឹង ២១ម៉ែត្រ លើទទឹងតួផ្លូវសរុប ២៤.៥ម៉ែត្រ។ ដោយឡែកកំណាត់ទី២ ចាប់ពីបែកគូស ដល់ក្រុងកំពត ប្រវែងជិត៦៥គីឡូម៉ែត្រ ត្រូវពង្រីកទទឹងតួផ្លូវរហូតដល់ ១២ម៉ែត្រ ជា២គន្លង (១គន្លងទៅ ១គន្លងមក) ដោយក្រាលបេតុងកៅស៊ូ AC កម្រាស់៧សង់ទីម៉ែត្រ ទទឹង ១១ម៉ែត្រ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ