រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ៖ ការចុះព័ត៌មានតាមប្រព័ន្ធផ្សព្វផ្សាយ ចាត់ទុកជាពាក្យបណ្ដឹង ខណៈមន្ដ្រីមួយចំនួន គេចវេសមិនដោះស្រាយជូនប្រជាពលរដ្ឋ
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈ កម្មាធិការជាតិ សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) បានថ្លែងថា ការចុះផ្សាយព័ត៌មានអំពីបញ្ហាប្រជាពលរដ្ឋ ត្រូវចាត់ទុកជាពាក្យបណ្ដឹង ដូច្នេះ មន្ដ្រីពាក់ព័ន្ធត្រូវចុះទៅ ដោះស្រាយជូនប្រជាពលរដ្ឋឲ្យប្រសិទ្ធភាព ហើយក៏មានមន្ដ្រីមួយចំនួនទៀត គេចវេសមិនដោះស្រាយ ជូនប្រជាពលរដ្ឋ ផងដែរ។
ក្នុងសិក្ខាសាលាជាតិ ស្ដីពីការពិគ្រោះយោបល់លើ សេចក្ដីព្រាងឯកសារទស្សនទានសម្រាប់រៀបចំ កម្ម វិធីជាតិ សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិដំណាក់កាលទី២ (២០២១-២០ ៣០) នាថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២០ នៅទីស្ដីការក្រសួង សម្ដេចក្រឡាហោម ស ខេង បានណែនាំឲ្យ អភិបាល រាជធានី-ខេត្ត បង្កើតហ្វេសប៊ុក ដើម្បីទទួលមតិ និងដោះស្រាយជូនប្រជាពលរដ្ឋ។
សម្ដេចរំលឹកថា នាពេលកន្លងមក មានប្រជាពលរដ្ឋមានបញ្ហាអ្វីបានផ្ដល់ព័ត៌មានមកក្រសួង ៩០% គឺ ជាព័ត៌មានពិត។ ហើយក៏គ្មានប្រជាពលរដ្ឋផ្ដល់ព័ត៌មានរឿងនយោបាយដែរ។សម្ដេច ក៏បានផ្ដាំផ្ញើដល់ មន្ដ្រីពាក់ព័ន្ធទាំងអស់ ត្រូវបានដោះស្រាយជូនប្រជាពលរដ្ឋជាបន្ដបន្ទាប់ ដើម្បីឲ្យទទួលបានសាទរពី ប្រជាពលរដ្ឋ។
សម្ដេច ស ខេង មានប្រសាសន៍ថា «ការចុះព័ត៌មានតាមការសែត ក៏ចាត់ទុកជាពាក្យបណ្ដឹងដែរ វាមិន មែនអាណាមឹក ព្រោះព័ត៌មានការសែត គេមានប្រភពរបស់គេ តាមហ្វេសប៊ុកនានា យើងដកស្រង មួយថ្ងៃបានប៉ុន្មានរឿង? ពាក់ព័ន្ធនឹងក្រសួងយើង (ក្រសួងមហាផ្ទៃ) យើងយកអាហ្នឹងមកដើម្បីឲ្យ អធិការកិច្ចធ្វើការ ឬឲ្យសមត្ថកិច្ចណាមួយពាក់ព័ន្ធ ធ្វើការដោះស្រាយ»។
សម្ដេចបន្ដថា ព័ត៌មានទាំងអស់ នៅតាមប្រព័ន្ធផ្សព្វផ្សាយ គឺជាពាក្យបណ្ដឹង ព្រោះបច្ចេកវិទ្យាទំនើប ដូច្នេះ ត្រូវយកព័ត៌ទាំងនោះមកដោះស្រាយ ធ្វើយ៉ាងណាឲ្យមានប្រសិទ្ធក្នុងការដោះស្រាយដោយ។ សម្ដេចថា អភិបាលកិច្ចតាមប្រព័ន្ធអេឡិចត្រូនិក គឺជាកិច្ចការអាទិភាពមួយដែលត្រូវរៀបចំ និងជំរុញការអនុវត្តនៅគ្រប់កម្រិតថ្នាក់នៃរដ្ឋបាលសាធារណៈ ដើម្បីបង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រង និងការផ្ដល់សេវាសាធារណៈឆ្លើយតបទៅនឹងតម្រូវការ និងការរីកចម្រើនយ៉ាងឆាប់រហ័សនូវបច្ចេកវិទ្យាព័ត៌មានវិទ្យានៅកម្ពុជា។
សម្ដេចបញ្ជាក់យ៉ាងដូច្នេះថា «កុំគេច មន្ដ្រីយើងជួនអីគេច ឲ្យតែលឺរឿងនេះគេច រឿងនោះគេ គេឲ្យទទួលខុសត្រូវហើយ ទៅគេចយ៉ាងម៉េច? កុំគេច យើងជួបប្រទះបញ្ហាលំបាក់ច្រើនការណា នាំឲ្យយើងមានសមត្ថភាព ចេះដឹង យល់ដឹង មានបទពិសោធន៍យ៉ាងច្រើន»។
ជាងនេះទៅទៀត រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ក៏បានណែនាំឲ្យមានការជំរុញការរៀបចំ និងអនុវត្តប្រព័ន្ធអេឡិចត្រូនិកក្នុងប្រព័ន្ធគ្រប់គ្រងរដ្ឋបាលថ្នាក់ក្រោមជាតិជាបណ្ដើរៗ លើកិច្ចការសំខាន់នានា ដូចជា ទំនាក់ទំនងការងាររវាងរដ្ឋបាលនិងរដ្ឋបាល ទំនាក់ទំនងការងាររវាងរដ្ឋបាលនិងប្រជាពលរដ្ឋ ការផ្ដល់សេវាសាធារណៈ ការផ្សព្វផ្សាយព័ត៌មាន និងការអភិវឌ្ឍសមត្ថភាពជាដើម៕EB