ក្រសួងសុខាភិបាល ៖ ស្ដ្រីមានផ្ទៃពោះ ឬកំពុងបំបៅកូនដោយទឹកដោះ ក៏អាចចាក់វ៉ាក់សាំងជំងឺកូវីដ-១៩ បានដែរ ក្នុងករណីគាត់មានសុខភាពល្អ
កណ្ដាល ៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ក្របខ័ណ្ឌទូទាំងប្រទេស បានឲ្យដឹងថា ស្ដ្រីមានផ្ទៃ ឬកំពុងបំបៅកូនដោយទឹកដោះ ក៏អាចទទួលយកនូវការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ បានដូចគេឯងដែរ ក្នុងករណីគាត់មានសុខភាពល្អ។
ក្នុងពិធីបិទយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ ជុំទី១ ជូនមនុស្សពេញវ័យ ដែលមានអាយុចាប់ពី១៨ឆ្នាំឡើងទៅ នៅមន្ទីរពេទ្យជ័យជំនះ ស្ថិតក្នុងក្រុងតាខ្មៅ ខេត្ដកណ្ដាល បន្ទាប់ពីមានប្រជាពលរដ្ឋងឿងឆ្ងល់ពាក់ព័ន្ធស្ដ្រីមានផ្ទៃពោះ ឬកំពុងបំបៅកូនដោយទឹកដោះ។
លោកស្រី ឱ វណ្ណឌីន បានបញ្ជាក់ថា «ចំពោះស្ដ្រីមានផ្ទៃពោះ ឬបំបៅកូនដោយទឹកដោះនេះ ប្រសិនបើគាត់មានសុខភាពធម្មតា គាត់អត់មានជំងឺដង្កាត់អីទេ ហើយគាត់ស្ម័គ្រចិត្តចង់ចាក់ គឺគាត់អាចទៅទទួលការចាក់វ៉ាក់សាំងនេះបាន មិនថាពេលណា មិនថាខែណានោះទេ ឲ្យតែគាត់ស្រួលខ្លួន ហើយគាត់ចង់ចាក់សូមអញ្ជើញមកចាក់»។
សូមរំលឹកថា គិតត្រឹមថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២១ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ១១,៣២៨,៣៩៣នាក់។