ភ្នំពេញ ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានណែនាំឲ្យធ្វើតេស្ដរហ័សរកមេរោគកូវីដ-១៩ ដល់កម្មករ និយោជិត នៅតាមរោងចក សហគ្រាស នៅទូទាំងប្រទេសកម្ពុជា ក្រោយពេលឈប់សម្រាក ក្នុងពិធីបុណ្យភ្ជុំបិណ្ឌ ឆ្នាំ២០២១។

យោងតាមសេចក្ដីណែនាំរបស់ ក្រសួងការងារ នាថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ ដើម្បីរក្សាបាននូវ សកម្មភាពអាជីវកម្ម, ផលិតកម្ម និងការផ្តល់សេវាកម្ម ក៏ដូចជា ចូលរួមចំណែកប្រយុទ្ធ និងទប់ស្កាត់ការរីករាលដាល ទ្រង់ទ្រាយធំ នៃជំងឺកូវីដ-១៩ បណ្តាលមកពីមេរោគបំប្លែងថ្មី ប្រភេទដែលតា (Delta) នៅតាមរោងចក្រ សហគ្រាស ក្រោយពេលឈប់សម្រាក ក្នុងពិធីបុណ្យភ្ជុំបិណ្ឌ ក្រសួងសូមណែនាំ ដល់ម្ចាស់ ឬនាយករោងចក្រ សហគ្រាស និងកម្មករ និយោជិត ត្រូវធ្វើតេស្ដរហ័ស រកមេរោគកូវីដ-១៩ ដល់កម្មករ។

ក្រសួង បានបញ្ជាក់ថា «ម្ចាស់ ឬនាយករោងចក្រ សហគ្រាស ត្រូវត្រៀមឧបករណ៍ ធ្វើតេស្តរហ័ស រកមេរោគកូវីដ-១៩ ឱ្យបានគ្រប់ចំនួន សម្រាប់ធ្វើតេស្ក រកមេរោគកូវីដ-១៩ ដល់កម្មករ និយោជិតរបស់ខ្លួន ក្រោយពេលឈប់សម្រាក ក្នុងពិធីបុណ្យភ្ជុំបិណ្ឌ ឆ្នាំ២០២១»។

ក្រសួង បានបន្ដថា  ការធ្វើតេស្តរហ័ស រកមេរោគកូវីដ-១៩ នេះ គឺជាបន្ទុករបស់ម្ចាស់ ឬ នាយករោងចក្រ សហគ្រាស។កម្មករ និយោជិតទាំងអស់ ត្រូវចូលរួមធ្វើតេស្តរហ័ស រកមេរោគកូវីដ-១៩ តាមការរៀបចំ របស់ម្ចាស់ ឬនាយក រោងចក្រ សហគ្រាស។

ក្រសួង បានបន្ថែមថា ចំពោះកម្មករ និយោជិតណា ដែលមិនព្រមចូល ធ្វើតេស្ត នឹងត្រូវចាត់ទុកថា បានល្មើសធ្ងន់ ចំពោះ វិធានខាងវិន័យសន្តិសុខ និងអនាម័យ ដូចមានចែង ក្នុងមាត្រា ៨៣ នៃច្បាប់ស្តីពីការងារ និងបទប្បញ្ញត្តិ ជាធរមាន ដែលបើកសិទ្ធិ ឱ្យនិយោជក អាចបញ្ឈប់កម្មករ និយោជិត ពីការងារបាន៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ