ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានណែនាំដល់គ្រប់អង្គភាព អនុវត្តការងារឲ្យបានល្អ និងហាមដាច់ខាតចំពោះសារព័ត៌មានដែលចូលមកថត ឬឡាយ នៅពេលដែលសមត្ថកិច្ចកំពុងតែអនុវត្តការងារជំនាញចាំបាច់ ។

បើតាម លោកស្នងការរាជធានីភ្នំពេញ គឺបើប្រាប់មិនស្តាប់ត្រូវតែចាត់វិធានការតាមច្បាប់ ព្រោះការថត ឬឡាយ អាចធ្វើឲ្យបែកការណ៍ ហើយជនសង្ស័យបានឃើញ និង ធ្វើការគេចខ្លួន ដែលនាំឲ្យសមត្ថកិច្ចពិបាកក្នុងការស្រាវជ្រាវ និង តាមដាន ដើម្បីតាមឃាត់ខ្លួនជនសង្ស័យ ។

លោកស្នងការរាជធានីភ្នំពេញ ថ្លែងបែបនេះ នាថ្ងៃទី១ ខែតុលា ឆ្នាំ២០២១ ក្នុងការដឹកនាំកិច្ចប្រជុំបូកសរុបការងារប្រចាំខែកញ្ញា និង ទិសដៅការងារខែតុលា តាមរយ:កិច្ចប្រជុំអនឡាញ Zoom Meeting ។

យោងតាម Facebook ផ្ទាល់របស់លោក ស ថេត បានឲ្យដឹងទៀតថា លោកក៏បានណែនាំមន្ត្រីនៃការិយាល័យចរាចរណ៍ផ្លូវគោក ត្រូវអនុវត្តតាមច្បាប់ ប្រើប្រាស់កាយវិការ និងសម្តីឲ្យបានសមរម្យ ហើយ ។

លោក បានបញ្ជាក់បន្ថែមថា ការអនុវត្តច្បាប់ចរាចរណ៍គឺផ្អែកលើច្បាប់ ហើយការផាកពិន័យក៏ផ្អែកលើច្បាប់ដែលបានកំណត់ផងដែរ ការកំណត់តាមច្បាប់ដើម្បីធ្វើការផាកពិន័យខ្ពស់ ដើម្បីឲ្យអ្នកល្មើសរាងចាល ចូលរួមគោរពច្បាប់ ជាពិសេសកាត់បន្ថយការគ្រោះថ្នាក់បាត់បង់ជីវិត ឬរងរបួសធ្ងន់ ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ