ភ្នំពេញ ៖ លោក ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែងថ្មី បានប្ដេជ្ញាចិត្តអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ដែលមានអភិបាលកិច្ចល្អជាស្នូល ដើម្បីចូលរួមអភិវឌ្ឍ និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។

ក្នុងពិធីប្រកាសមុខតំណែង ក្រោមអធិបតីភាព សម្ដេចក្រឡាហោ ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នាថ្ងៃទី៤ ខែតុលា ឆ្នាំ២០២១ លោក ស្វាយ សំអ៊ាង ក៏បានប្តេជ្ញាអនុវត្តច្បាប់ លិខិតបទដ្ឋានគតិយុត្តិជាធរមាន និងគោលការណ៍ ណែនាំនានារបស់រាជរដ្ឋាភិបាល ឲ្យមានប្រសិទ្ធភាពខ្ពស់។

លោក បានបញ្ជាក់ថា «ខិតខំគោរព និងអនុវត្តតាមគោលការណ៍ដឹកនាំចង្អុលបង្ហាញ និងរាល់ការផ្តល់នូវអនុ សាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី និងសម្តេចក្រឡាហោម ឧបនាយករដ្ឋមន្ត្រី ដើម្បីពង្រឹងការគ្រប់គ្រងដឹកនាំប្រកបដោយ ប្រសិទ្ធភាព និងគណនេយ្យភាពក្នុងការបំពេញភារកិច្ចនៅរដ្ឋបាលខេត្ត»។

លោក បានបន្ដថា ការខិតខំទប់ស្កាត់ និងលុបបំបាត់រាល់បាតុភាពអសកម្មនានាដែលធ្វើឱ្យប៉ះពាល់ ឬបង្កការថ្នាំងថ្នាក់ដល់ប្រជាពលរដ្ឋ ដោយយកចិត្តទុកដាក់ដោះស្រាយទុក្ខលំបាករបស់ប្រជាពលរដ្ឋ កាត់បន្ថយអំពើរំលោភអំណោច និងអយុត្តិធម៌សង្គម ដោយប្រកាន់ខ្ជាប់នូវអភិក្រមទាំង៥ របស់សម្តេចតេជោ «ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់»។

ជាងនេះទៅទៀត អភិបាលខេត្តស្ទឹងត្រែងថ្មី ក៏បានប្ដេជ្ញាជំរុញការអនុវត្តគោលនយោបាយភូមិ ឃុំ-សង្កាត់ មានសុវត្ថិភាព ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ដើម្បីរក្សាបាននូវសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ  ខិតខំទប់ ស្កាត់បទល្មើសនានា ជាពិសស បទល្មើសធនធានធម្មជាតិ បទល្មើសគ្រឿងញៀន និងអាវុធជាតិផ្ទុះខុសច្បាប់ ក្នុងស្មារតីកិច្ចសហប្រតិបត្តិការល្អជាមួយខេត្តជាប់ ព្រំដែន៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ