សម្ដេច ទៀ បាញ់ អំពាវនាវដល់ប្រជាពលរដ្ឋកំពុងរងប៉ះពាល់ដោយទឹកជំនន់ ត្រូវធ្វើការទំនាក់ទំនងទៅអាជ្ញាធរ
ភ្នំពេញ ៖ សម្ដេច ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ បានអំពាវនាវដល់ប្រជាពលរដ្ឋកំពុងរងផលប៉ះពាល់ដោយគ្រោះទឹកជំនន់ បន្តប្រុងប្រយ័ត្ន និងទំនាក់ទំនងទៅអាជ្ញាធរ ក្នុងករណីមានតម្រូវការសង្គ្រោះចាំបាច់នានា។
សម្ដេច ទៀ បាញ់ អំពាវនាវបែបនេះ បន្ទាប់ពីមានតំបន់មួយចំនួន តាមបបណ្តាខេត្តព្រំដែន កម្ពុជា-ថៃ កំពុងរងគ្រោះដោយសារជំនន់ទឹកភ្លៀង ហើយប្រជាពលរដ្ឋត្រូវបានអាជ្ញាធរជម្លៀសទៅកាន់ទីទួលមានសុវត្ថិភាព ផងដែរ។
តាមរយៈគេហទំព័រហ្វេសប៊ុក នាថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ សម្ដេច ទៀ បាញ់ បានបញ្ជាក់ថា «សូមបងប្អូនប្រជាពលរដ្ឋ ដែលកំពុងរងផលប៉ះពាល់ដោយគ្រោះទឹកជំនន់ បន្តការប្រុងប្រយ័ត្នខ្ពស់ និងធ្វើការទំនាក់ទំនងទៅអាជ្ញាធរមានសមត្ថកិច្ច ក្នុងករណីមានតម្រូវការសង្គ្រោះចាំបាច់នានា»។
យោងតាមសេចក្ដីជូនដំណឹងរបស់ ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា កម្ពុជា ទទួលរងនូវឥទ្ធិពលនៃជ្រលងសម្ពាធទាបឥណ្ឌា និងខ្យល់មូសុងនិរតីខ្សោយ។ បន្តពីថ្ងៃទី២៩-៥ ខែតុលា ប្រព័ន្ធសម្ពាធទាប ក៏នឹងកកើតឡើងសារជាថ្មី អូសបន្លាយលើប្រទេសថៃ ប្រទេសឡាវ និងប្រទេសវៀតណាម៕EB