ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានណែនាំដល់អភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង ដែលទើបចូលកាន់មុខតំណែងថ្មី និងអជ្ញាធរពាក់ព័ន្ធ ត្រូវយកចិត្តទុកដាក់ការពារបូរណភាពទឹកដី និងធនធានធម្មជាតិឱ្យបានគង់វង្ស ព្រោះជាទ្រព្យសម្បត្តិរបស់ជាតិ។

ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង នាថ្ងៃទី៤ ខែតុលា ឆ្នាំ២០២១ នៅសាលាខេត្តស្ទឹងត្រែង សម្ដេចក្រឡាហោម ស ខេង បានណែនាំដល់អភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង ដែលបន្តដឹកនាំដោយ លោក ស្វាយ សំអ៊ាង ត្រូវបន្តយកចិត្តទុកដាក់ការពារបូរណភាពទឹកដីឲ្យបានល្អ ដោយសម្តេច បានបញ្ជាក់ថា នេះជាភារៈកិច្ចរួមទាំងអស់គ្នា ធ្វើយ៉ាងណាឱ្យព្រំដែនមានសុខសន្ដិភាព។

សម្ដេចក្រឡាហោម មានប្រសាសន៍ថា «អភិបាលខេត្ត ត្រូវយកចិត្តទុកដាក់មានវិធានការតាមគោលការណ៍នានា របស់រាជរដ្ឋាភិបាល ដើម្បីការពារធនធានធម្មជាតិ ឱ្យបានគង់វង្ស»។

ជាមួយគ្នានេះ សម្ដេចក្រឡាហោម ស ខេង ក៏បានបញ្ជាក់ដោយសង្កត់ធន់ថា បើគ្មានសុខសន្ដិភាព វានឹងប៉ះពាល់ដល់ដំណើរការអភិវឌ្ឍន៍វិស័យផ្សេងៗទៀត។ សម្ដេចក្រឡាហោម បានណែនាំដល់ភាគីពាក់ព័ន្ធទាំងអស់ ត្រូវបន្ដអនុវត្តនូវគោលនយោបាយ ភូមិ-ឃុំ សង្កាត់ មានសុវត្ថិភាព ជាពិសេស ត្រូវផ្ដល់សេវាធារណៈជូនប្រជាពលរដ្ឋ ដោយតម្លាភាព ត្រឹមត្រូវ និងទទួលបានជំនឿទុកចិត្តពីប្រជាពលរដ្ឋ។

ឆ្លៀតក្នុងឱកាសនោះ សម្ដេចក្រឡាហោម បានណែនាំឲ្យថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ទាំងអស់នៅទូទាំងខេត្ត ត្រូវអនុវត្តអភិក្រមទាំង៥ ឱ្យបានជាប់ជានិច្ច ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាលកម្ពុជា៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ