សេដ្ឋកិច្ចកម្ពុជានឹងរើបឡើងវិញក្នុងឆ្នាំ២០២១ បន្ទាប់ពីរងការប៉ះទង្គិចខ្លាំងពីការរាតត្បាតជំងឺជាសាកល
ភ្នំពេញ ៖ ស្របពេលដែលសេដ្ឋកិច្ចរបស់កម្ពុជាបន្តរងគ្រោះដោយសារឥទ្ធិពលនៃការរាតត្បាតជំងឺកូវីដ១៩ មានសញ្ញាជាច្រើនបង្ហាញថា សកម្មភាពសេដ្ឋកិច្ចកំពុងចាប់ផ្តើមកម្រើកឡើងវិញហើយ។សេដ្ឋកិច្ចត្រូវបានព្យាករថា នឹងរួញទំហំប្រមាណដក២ភាគរយ ក្នុងឆ្នាំ២០២០ ប៉ុន្តែត្រូវបានរំពឹងទុកថានឹងងើបឡើងវិញហើយលូតលាស់បានប្រហែលជិត៤ភាគរយ ក្នុងឆ្នាំ២០២១។ធនាគារពិភពលោក បានឲ្យដឹងដូច្នេះនៅក្នុងរបាយការណ៍មួយឈ្មោះ Restrained Recovery ស្តីពីបច្ចុប្បន្នភាពសេដ្ឋកិច្ចកម្ពុជា ដែលត្រូវបានផ្សព្វផ្សាយនៅថ្ងៃនេះ។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ធនាគារពិភពលោក កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០ បានឲ្យដឹងថា នៅពេលដែលមានការធូរស្រាលបន្តិចនៅក្នុងវិធានការរក្សាសុវត្ថិភាពសង្គមសកម្មភាពសេដ្ឋកិច្ចក្នុងស្រុកកំពុងតែវិលទៅរកប្រក្រតីភាពបន្តិចម្តងៗវិញ។អន្តរាគមន៍ក្នុងកម្រិតដែលមិនធ្លាប់មានរបស់រដ្ឋាភិបាលបានជួយមួយផ្នែកក្នុងការទ្រទ្រង់ដល់ផ្នែកទទួលទានប្រើប្រាស់ឱ្យនៅស្ថិតស្ថេរហើយអតិផរណាក៏ស្ថិតនៅក្រោមការគ្រប់គ្រងជាប់ផងដែរ។
យោងតាមរបាយការណ៍ខាងលើនេះលំហូរនៃការវិនិយោគផ្ទាល់ពីបរទេសទៅក្នុងគម្រោងក្រៅឧស្សាហកម្មកាត់ដេរនិងទៅក្នុងវិស័យកសិកម្មនៅតែបន្តកើនឡើងទំនងជាដោយសារភាពទាក់ទាញរបស់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលកម្ពុជាកំពុងធ្វើជាមួយប្រទេសនានាក្នុងតំបន់។ទោះបីជាការនាំចេញសរុបនៃផលិតផលកមន្តសាលបានរងការប៉ះទង្គិចពីការរាតត្បាតជំងឺនេះក៏ដោយក៏កំណើននៅតែបន្តមានក្នុងការនាំចេញផលិតផលរោងចក្រដទៃទៀត មានកង់, គ្រឿងបង្គុំអគ្គិសនី,និងគ្រឿងបន្លាស់រថយន្ត និងគ្រឿងផ្សំនានាហើយការនាំចេញអង្ករនិងផលិតផលកសិកម្មផ្សេងទៀតនៅមានសន្ទុះខ្លាំងក្លា។ ជាមួយគ្នានេះទេសចរណ៍ក្នុងស្រុកបានជួយមួយផ្នែកក្នុងការធ្វើឱ្យឧស្សាហកម្មទេសចរណ៍និងការធ្វើដំណើរ កម្រើកឡើងវិញ។
លោកស្រី អ៊ីងហ្គូណា ដូប្រាចា នាយិកាគ្រប់គ្រងប្រចាំប្រទេសរបស់ធនាគារពិភពលោក មានប្រសាសន៍ថា «ចក្ខុវិស័យកំណើនរបស់កម្ពុជានៅប្រឈមនឹងភាពមិនប្រាកដប្រជាច្រើនណាស់។គោលដៅដ៏សំខាន់បំផុតនៃគោលនយោបាយនាពេលនេះគឺ ជាបន្ទាន់ត្រូវធ្វើយ៉ាងណាស្តារឡើងវិញនូវការងារដែលបាត់បង់ ឬដែលត្រូវព្យួរដោយសារតែការរាលដាលជំងឺនេះ»៕EB