សាលារៀនចំនួន៦០ក្នុងខេត្ត៦ត្រូវបានប្រើប្រាស់ជាមណ្ឌលចត្តាឡីស័ក ខណៈសិស្សដែលសិក្សានៅសាលាទាំង៦០នេះ ត្រូវបានផ្ញើឱ្យទៅសិក្សារៀនសូត្រនៅសាលាផ្សេង
សាលារៀនប្រមាណជា៦០នៅខេត្តចំនួន៦ត្រូវបានប្រើប្រាស់ជាមណ្ឌលចត្តាឡីស័ក ហើយខេត្តបន្ទាយមានជ័យជាខេត្តដែលមានសាលាប្រើប្រាស់ជាមណ្ឌលចត្តាឡីស័កច្រើនជាងគេ។ នេះបើតាមការឱ្យដឹងរបស់លោកហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ក្នុងឱកាសដែលលោកអញ្ជើញចូលរួមពិធីប្រកាសជ្រើសយកសាលាបឋមសិក្សាចតុមុខ ជាសាលាគំរូក្នុងការអនុវត្តសកម្មភាពសុខភាពសិក្សាគ្រប់ជ្រុងជ្រោយនៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២១។
លោកហង់ជួន ណារ៉ុនបានបន្ថែមទៀតថា ចំពោះសិស្សដែលសិក្សានៅសាលាទាំង៦០នេះ ត្រូវបានផ្ញើឱ្យទៅសិក្សារៀនសូត្រនៅសាលាផ្សេងជាបណ្តោះអាសន្ន ដោយសិស្សអនុវត្តការសិក្សាក្នុងថ្នាក់ផងនិងអនឡាញផង។ លោកបន្តថាបើទោះបីជាមានលំបាកខ្លះៗដល់សិស្ស ក៏ប៉ុន្តែការធ្វើបែបនេះនឹងបង្កភាពងាយស្រួលក្នុងការគ្រប់គ្រង និងការពារសិស្សពីបញ្ហាប្រឈមខ្ពស់នៃការរាតត្បាតនៃជំងឺកូវីដ១៩ ។
សូមបញ្ជាក់ថា ការបើកបវេសនកាលឆ្នាំសិក្សាថ្មី២០២០-២០២១ ត្រូវបានធ្វើឡើងកាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ ដោយក្រសួងអប់រំបានរៀបចំកំណត់ចំនួនសិស្សសិក្សា២០ទៅ២៥នាក់ក្នុងបន្ទប់រៀន រៀបចំវេនសិក្សាដើម្បីធានាគម្លាតសុវត្ថិភាពក្នុងបរិវេណគ្រឹះស្ថានសិក្សា។ ទន្ទឹមនឹងនេះ សិស្សត្រូវអនុវត្តការពាក់ម៉ាស់ឬរបាំងមុខ ចំពោះអ្នកសិក្សា គ្រូបង្រៀន និងបុគ្គលិក ក្នុងបរិវេណគ្រឹះស្ថានសិក្សា រៀបចំបន្ទប់សុខភាព និងសម្ភារសង្គ្រោះបឋម រៀបចំកន្លែងលាងដៃ ទឹកអាល់កុល ជែលលាងដៃ៕SP