ក្រសួងសុខាភិបាល ៖ នៅពេលប្រជាពលរដ្ឋទូទាំងប្រទេស ចាក់វ៉ាក់សាំងជំងឺកូវីដ-១៩ រួចរាល់នោះ នឹងអាចបង្កើតភាពសុំាដល់សង្គម ដើម្បីកាត់បន្ថយការឈឺធ្ងន់ និងស្លាប់
ភ្នំពេញ ៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានថ្លែងថា នៅពេលប្រជាពលរដ្ឋទូទាំងប្រទេស ទាំងកុមារ យុវវ័យ និងមនុស្សចាស់ បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩រួចរាល់ ពេលនោះយើងនឹងអាចបង្កើតភាពសុំា ដល់សង្គមយើង ការពារការចម្លង កាត់បន្ថយការធា្លក់ខ្លួនឈឺធ្ងន់ធ្ងរ ដែលធ្វើឱ្យអត្រាមរណភាពក៏ធ្លាក់ចុះ។
រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង បានគូសបញ្ជាក់បែបនេះ ក្នុងឱកាសចុះពិនិត្យទីតាំងចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនកុមារ និងយុវវ័យចន្លោះពី ១២ ដល់ក្រោម១៨ឆ្នាំ នៅមណ្ឌលសុខភាពទឹកថ្លា នារសៀលថ្ងៃទី៨ ខែសីហា ឆ្នាំ២០២១នេះ ដោយមានការអញ្ជើញចូលរួមពី អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង។
លោករដ្ឋមន្ដ្រីបន្ដថា «នៅពេលដែលប្រជាពលរដ្ឋយើងទាំងកុមារ យុវវ័យ និងមនុស្សចាស់ បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩រួចរាល់ ពេលនោះយើងនឹងអាចបង្កើតភាពសុំា ដល់សង្គមយើង ការពារការចម្លង កាត់បន្ថយការធា្លក់ខ្លួនឈឺធ្ងន់ធ្ងរ ដែលធ្វើឱ្យអត្រាមរណភាពក៏ធ្លាក់ចុះ។ លើសពីនោះ សម្រាប់កុមារ និងយុវវ័យយើង អាចមករៀនសូត្រឡើងវិញ រៀនពូកែ មានសុខភាពល្អ នោះអនាគតប្រទេសក៏មានភាពល្អប្រសើរផងដែរ»។
លោក បន្ដថា សម្រាប់យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនកុមារ និងយុវវ័យចន្លោះពី ១២ ដល់ក្រោម១៨ឆ្នាំ យើងសង្កេតឃើញថា ជាមាតាបិតា ជាអាណាព្យាបាល បាននាំកូនមកវ៉ាក់សាំងដោយភាពសប្បាយរីករាយ ទោះមេឃកំពុងភ្លៀងក៏នៅបន្ដដំណើរមកទទួលយកវ៉ាក់សាំងផងដែរ ដែលបង្ហាញឱ្យថា ពួកគាត់មានការយល់ដឹងខ្ពស់ និងចូលរួមយ៉ាងសស្រាក់សស្រាំជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការបង្កើតភាពស៊ាំនៅក្នុងសហគមន៍យើង និងដើម្បីឈានទៅបើកសាលារៀនឡើងវិញ៕