ភ្នំពេញ ៖ សហរដ្ឋអាមេរិក តាមរយៈទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ ហៅកាត់ថា USAID បានប្រកាសផ្តល់ជំនួយបន្ថែម ចំនួន៤លានដុល្លារ ជាជំនួយបន្ទាន់ទាក់ទងនឹងការ ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ សម្រាប់ប្រទេសកម្ពុជា។ ជំនួយបន្ថែមនេះ គឺជាការបន្ថែមលើជំនួយ ជាង១១លានដុល្លារ របស់សហរដ្ឋអាមេរិកទាក់ទងនឹងជំងឺកូវីដ១៩ ដល់កម្ពុជា តាំងពីជំងឺនេះបានផ្ទុះឡើងជាលើក ដំបូង។ នេះបើតាមការបញ្ជាក់ឱ្យដឹងពី លោក W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា ក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១។


លោក ឯកអគ្គរដ្ឋទូត មានប្រសាសន៍ថា ការលើកកម្ពស់សន្តិសុខផ្នែកសុខភាពសាកល និងការត្រៀមទប់ទល់នឹងការផ្ទុះឡើងនៃជំងឺ មានសារសំខាន់ ដោយមិនត្រឹមតែដើម្បីការពារសុខភាព និងសុវត្ថិភាពតែប៉ុណ្ណោះទេ តែថែមទាំងដើម្បីធានាវិបុលភាពនៃសេដ្ឋកិច្ច និងការពារសន្តិសុខរបស់ប្រទេសយើងផងដែរ។

លោក បន្តថា ការគាំទ្រនេះបានដល់ប្រជាជនកម្ពុជាចំនួនជាង១០លាននាក់ ដោយមានជាសម្ភារលើកកម្ពស់ការយល់ដឹងពីហានិភ័យ តាមទូរទស្សន៍ ប្រព័ន្ធផ្សព្វផ្សាយសង្គម វិទ្យុ សារតាមទូរស័ព្ទដៃ និងផ្ទាំងផ្តល់ព័ត៌មាន។

ជំនួយនេះ នឹងផ្តល់ការគាំទ្រទាន់ពេលវេលា ពិសេសដោយយោលលើអំណោយនាពេលថ្មីៗនេះរបស់សហរដ្ឋអាមេរិក ជាវ៉ាក់សាំង Johnson & Johnson ជាង១លានដូស ដែលត្រូវបានផ្តល់តាមរយៈយន្តការកូវ៉ាក់ ក្នុងការបង្កើននូវភាពត្រៀមជាស្រេចរបស់ប្រទេសកម្ពុជា ក្នុងការធ្វើការចាក់វ៉ាក់សាំងកូវីដ១៩ ជំរុញការចាក់វ៉ាក់សាំង ក្នុងចំណោមប្រជាជនដែលត្រូវ ចាក់ធ្វើអន្តរាគមន៍ផ្នែកសុខភាពសាធារណៈ ដើម្បីគ្រប់គ្រងជំងឺកូវីដ១៩ និងពង្រឹងផ្នែកមន្ទីរពិសោធន៍ ដើម្បីលើកកម្ពស់សមត្ថភាពក្នុងការធ្វើតេស្ត៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ