ភ្នំពេញ ៖ លោក ស៊ុយ សែម រដ្ឋមន្ដ្រីក្រសួងរ៉ែ និងថាមពល បានឲ្យដឹងថា កម្ពុជា ប្តេជ្ញាចិត្តកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ ក្នុងការផលិតថាមពលរបស់ខ្លួន ហើយរំពឹងថា នឹងមានការផលិតថាមពល ពីប្រភពថាមពលកកើតឡើងវិញជាច្រើន។

ក្នុងកិច្ចប្រជុំកំពូលរដ្ឋមន្ដ្រីថាមពល អាស៊ីបូព៌ា លើកទី១៥ ក្រោមប្រធានបទ «ផែការ គោលនយោបាយ បញ្ហាប្រឈម និងកិច្ចខិតខំប្រឹងប្រែង អន្ដរកាលថាមពលរបស់កម្ពុជា ឆ្ពោះទៅកាន់ការកាត់បន្ថយឧស្ម័នការបូន» នាថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១ តាមប្រព័ន្ធអនឡាញ លោក ស៊ុយ សែម បានថ្លែងថា ក្នុងគោលដៅឆ្ពោះទៅរកការកាត់បន្ថយឧស្ម័នកាបោន លោកជឿជាក់ថា មានការចាំបាច់ក្នុងការបង្កើនល្បឿន នៃការរួមបញ្ចូលគ្នានៃបច្ចេកវិទ្យាឌីជីថល ឥន្ធនៈស្អាត ថាមពលកកើតឡើងវិញ និងបច្ចេកវិទ្យាថាមពលស្អាតនានា និងការអនុម័តដាក់ឲ្យប្រើប្រាស់ ក្នុងប្រព័ន្ធថាមពលរបស់ប្រទេសនីមួយៗ។


លោក បានបញ្ជាក់ថា «ជារួមកម្ពុជាបានប្តេជ្ញាចិត្តក្នុងការកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ ក្នុងការផលិតថាមពលរបស់ខ្លួន។ ដើម្បីសម្រេចបានគោលដៅនេះ យើងរំពឹងថា នឹងមានការផលិតថាមពលពីប្រភពថាមពល កកើតឡើងវិញជាច្រើន និងគម្រោងប្រសិទ្ធិភាពថាមពលនាពេលខាងមុខនេះ។ ពិតណាស់ វាជាឱកាសសម្រាប់ វិស័យឯកជន និងរដ្ឋាភិបាល ដើម្បីសហការជាមួយគ្នាក្នុងការកៀងគរការវិនិយោគ និងហិរញ្ញប្បទាន ដើម្បីសម្រេចឲ្យបាននូវការផ្លាស់ប្តូរមួយនេះ»។


លោករដ្ឋមន្ដ្រី ក៏បានលើកទឹកចិត្តដល់ការវិនិយោគលើបច្ចេកវិទ្យាថាមពលប្រកបដោយភាពច្នៃប្រឌិត រួមមាន ៖ បច្ចេកវិទ្យាអ៊ីដូសែន, ការផ្ទុកអាគុយស្ដុកថាមពល និងប្រព័ន្ធអ៊ីនធឺណេតសម្រាប់គ្រប់គ្រងវិស័យថាមពល ជាដើម។ ដើម្បីធ្វើឲ្យប្រសើរឡើង និងមានស្វ័យប្រវត្តិកម្មក្នុងប្រព័ន្ធថាមពលរបស់កម្ពុជា ប្រកបដោយប្រសិទ្ធភាពនិងស្អាត ជាងមុន ដោយរួមទាំងការបញ្ចេញកាកសំណល់តិចតួចបំផុត ជាមួយនឹងការធានាបាននូវភាពជឿទុកចិត្ត បាននិងមានថ្លៃសមរម្យសម្រាប់ការផ្គត់ផ្គង់ថាមពលជូនប្រជាពលរដ្ឋ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ