ភ្នំពេញ ៖ លោក វេង សាខុន រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានស្នើធនាគារពិភពលោក (WB) ជួយគាំទ្រខ្សែច្រវាក់ផលិតកម្មបន្លែ និងពង្រឹងផលិតភាពផលិតកម្មបន្លែ នៅទូទាំងប្រទេសកម្ពុជា ហើយបន្តធ្វើទំនើបកម្ម នូវវិស័យកសិកម្ម។ 

ក្នុងជំនួបពិភាក្សាការងារជាមួយលោកស្រី Maryam Salim នាយកគ្រប់គ្រងធនាគារពិភពលោកថ្មី ប្រចាំកម្ពុជា នាថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ លោក វេង សាខុន បានលើកសំណើប្រាប់លោកស្រីថា «គាំទ្រដល់ខ្សែច្រវាក់ផលិតកម្មបន្លែ ការពង្រឹងផលិតភាពផលិតកម្មបន្លែនៅទូទាំងប្រទេស និងដោយឡែកក្នុងតំបន់ជុំវិញរាជធានីភ្នំពេញ ដើម្បីធានាបរិមាណផ្គត់ផ្គង់ គុណភាព សុវត្ថិភាព និងតម្លៃ ដោយធ្វើការចងក្រងបណ្តុំផលិត តភ្ជាប់ជាមួយបណ្តាញទីផ្សារ កន្លែងប្រមូលផ្តុំ រចនាសម្ព័ន្ធស្តុក និងការដឹកជញ្ជូន»។


លោកបានបញ្ជាក់ថា បន្តធ្វើទំនើបកម្មវិស័យកសិកម្ម ដើម្បីលើកកម្ពស់ខ្សែច្រវាក់តម្លៃបន្ថែម កសាង និងកែលម្អហេដ្ឋារចនាសម្ព័ន្ធគាំទ្រដែលបម្រើដល់ផលិតកម្មដំណាំផ្លែឈើ ការកែច្នៃ និងការនាំចេញ ជាមួយនឹងការលើកកម្ពស់ការផ្តល់សេវាផ្សព្វផ្សាយបច្ចេកទេសកសិកម្ម ការសិក្សាស្រាវជ្រាវ និងផលិតពូជ សំដៅបង្កើនទិន្នផល ការគ្រប់គ្រង និងការប្រើប្រាស់ជី ថ្នាំកសិកម្ម ព្រមទាំងការកសាង និងពង្រឹងសមត្ថភាពធនធានមនុស្ស និងសមត្ថភាពមន្ទីរពិសោធន៍ជាតិ។ 


លោកបានបន្ថែមថា អភិវឌ្ឍវិស័យវារីវប្បកម្ម សំដៅលើកកម្ពស់ផលិតភាពផលិតកម្ម ធានាបានគុណភាព សុវតិ្ភភាព ពង្រឹង និងពង្រីកការងារស្រាវជ្រាវ បង្កាត់ និងផ្សព្វផ្សាយពូជត្រី និងចំណីឲ្យបានទូលំទូលាយ រួមទាំងការបណ្តុះបណ្តាលធនធានមនុស្សផងដែរ។ ជាងនេះទៅទៀត ការកសាង ខ្សែច្រវាក់ផលិតកម្ម តម្លៃបន្ថែម ទីផ្សារ និងហេដ្ឋារចនាសម្ព័ន្ធគាំទ្រសំខាន់ៗនៅតែជាអាទិភាព។ 


ជាងការឆ្លើយតប លោកស្រី Maryam Salim បានបញ្ជាក់ថា នឹងយកសំណើនេះទៅពិនិត្យពិចារណាឲ្យបានលម្អិតជាមួយក្រុមជំនាញ និងដៃគូពាក់ព័ន្ធផ្សេងទៀត។ លោកស្រី សង្ឃឹមថា ធនាគារនឹងបន្តកិច្ចសហការឲ្យកាន់តែរឹងមាំជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឲ្យកាន់តែល្អប្រសើរថែមទៀត៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ