ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានណែនាំឲ្យកាត់បន្ថយ ចំនួននគរបាលចរាចរណ៍តាមដងផ្លូវ ដោយជំនួសមកវិញ បំពាក់ឧបករណ៍ សម្ភារៈ និងបច្ចេកទេស ហើយត្រូវប្រសិទ្ធិខ្ពស់ ក្នុងការអនុវត្តច្បាប់ចរាចរណ៍។

ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រចាំឆមាសាទី១ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០២១ របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក នាថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ សម្ដេច ស ខេង បានលើកយោបល់ឲ្យមានការគិតការគូពិចារណាឈានទៅឯកភាពគ្នា កាត់បន្ថយការបង្កើនកម្លាំងនគរបាលចរាចរណ៍ ដោយជំនួសមកវិញនូវឧបករណ៍ សម្ភារៈ និងបច្ចេកទេស។ 

សម្ដេច បានបញ្ជាក់ថា «ខ្ញុំសូមស្នើថា យើងគួរឯកភាគ្នាជាគោលការណ៍រួម ជាយុទ្ធសាស្ដ្ររួមយើងថា ត្រូវឈានកាត់បន្ថ យនគរបាលចរាចរណ៍ ដោយជំនួយមកវិញដោយ ឧបករណ៍ សម្ភារៈ និងបច្ចេកទេស»។

សម្ដេច បានបន្ដថា «បើយើងចំណាយថវិកាដើម្បីបំពាក់ឧបករណ៍សម្ភារៈ និងចំណាយថវិកាលើការបង្កើនកម្លាំងនគរបាល តើមួយណាមានលក្ខណៈយុទ្ធសាស្រ្តជាង ឬមួយណាចំណេញជាង។ និយាយអ៊ីចឹង មិនមែនមានន័យថាលែងឱ្យមានកងកម្លាំងនគរបាលនោះទេ ប៉ុន្តែត្រូវបន្ថយតម្រូវការ ដោយប្រើប្រាស់ប៉ូលីសតិច តែមានប្រសិទ្ធិភាពខ្ពស់ ឬប្រើមនុស្សតិច តែមានប្រសិទ្ធភាពខ្ពស់»។

សម្ដេច ក៏បានបញ្ជាក់ថា ប្រើប៉ូលីសទិច តែត្រូវមានប្រសិទ្ធភាពខ្ពស់ ។ សម្ដេចបានគូសបញ្ជាក់អំពីភាពខ្វះខា តនៃការដាក់ស្លាកសញ្ញាចរាចរណ៍ ពិសេសការគូសគំនូសសញ្ញាចរាចរណ៍នៅរាជធានីភ្នំពេញ ដោយសម្ដេច បានណែនាំកុំឱ្យមើលស្រាលបញ្ហានេះ និងបានស្នើឱ្យអភិបាលរាជធានីភ្នំពេញ ដឹកនាំដោះស្រាយបញ្ហាគំនូសចរាចរណ៍នេះឱ្យបាន ពីព្រោះការងារនេះក៏ជាសេវាសាធារណៈចាំបាច់មួយជូនប្រជាពលរដ្ឋដែរ។

សូមរំលឹកថា នៅក្នុងឆមាសទី១ ឆ្នាំ២០២១ សមត្ថកិច្ចបានពិន័យយានយន្តល្មើសច្បាប់ ចំនួន១០៥.៩៩៥គ្រឿង ក្នុងនោះ ទោចក្រយានយន្ត ត្រីចក្រយានយន្ត ចំនួន៧៧.៧៩៤គ្រឿង ស្មើនឹង៧៣ភាគរយ ហើយក្នុងចំណោម៧៣ភាគរយនោះ មាន៩០ភាគរយមិនពាក់មួកសុវត្ថិភាព ៦ភាគរយល្មើសសញ្ញាចរាចរណ៍ ២ភាគរយគ្មានស្លាកលេខ ២ភាគរយប្រើទូរសព្ទ និង១ភាគរយទៀតស្រវឹងស្រា៕EB

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ