ក្រសួងកសិកម្ម ស្នើអង្គការ FAO ជួយគាំទ្រគម្រោងថ្មីៗ ដើម្បីដោះស្រាយរាល់បញ្ហាប្រឈមដែល កសិករ អ្នកផលិត សហគមន៍ និងវិស័យឯកជន កំពុងជួបប្រទះ
ភ្នំពេញ ៖ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ បានស្នើអង្គការស្បៀង និងកសិកម្ម នៃសហប្រជាជាតិ (FAO) ជួយឧបត្ថម្ភ និងគាំទ្រគម្រោងថ្មីៗបន្ថែមទៀត ដើម្បីរួមគ្នាដោះស្រាយរាល់បញ្ហាប្រឈមដែលកសិករ អ្នកផលិត សហគមន៍ និងវិស័យឯកជន កំពុងជួបប្រទះបញ្ហាផ្សេងៗ។
ក្នុងជំនួបការងារតាមប្រព័ន្ធ Zoom ជាមួយអង្គការ FAO ពីទីស្នាក់ការធំនៅទីក្រុងរូម ប្រទេសអីតាលី ដើម្បីធ្វើការពិនិត្យ និងវាយតម្លៃលើបេក្ខជនជានាយកអង្គការ FAO ប្រចាំនៅកម្ពុជា សម្រាប់អាណត្តិថ្មី នាថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ លោក វេង សាខុន បានថ្លែងអំណរគុណចំពោះអង្គការ FAO ដែលបានជួយឧបត្ថម្ភ និងគាំទ្រដល់ការអភិវឌ្ឍកម្ពុជា តាមរយ:គម្រោងនានា ក្នុងគោលបំណងជួយអភិវឌ្ឍវិស័យកសិកម្មកម្ពុជា ឲ្យមានការរីកចម្រើន។
លោក បានបន្ដថា គម្រោងគាំទ្រដល់ការអភិវឌ្ឍអនុវិស័យកសិកម្មមួយចំនួនបានទទួលការឧបត្ថម្ភ និងគាំទ្រដោយអង្គការ FAO កំពុងផ្តល់ផ្លែផ្កាគួរឲ្យកត់សម្គាល់ មិនតែប៉ុណ្ណោះគម្រោងទាំងនោះបានជួយជំរុញ កែលម្អ បណ្តុះបណ្តាល និងផ្សព្វផ្សាយបច្ចេកទេសកសិកម្មទំនើបដល់កសិករ ដែលនេះគឺជាទុន ឬជាគ្រឹះយ៉ាងរឹងមាំ ក្នុងការពង្រឹង និងពង្រីកសមត្ថភាពផលិត ធានាបានទាំងបរិមាណ និងគុណភាពឆ្លើយតបទៅនឹងបរិបទទីផ្សារសេរី ការប្រកួតប្រជែង ការប្រែប្រួលអាកាសធាតុ បរិយាប័ន និងនវានុវត្តន៍ និងជាពិសេសក្នុង និងក្រោយបរិបទនៃការរីករាលដាលជំងឺឆ្លងកូវីដ-១៩។
លោក បានបញ្ជាក់ថា «ស្នើសុំឲ្យអង្គការ FAO ពិនិត្យលទ្ធភាពជួយឧបត្ថម្ភ គាំទ្រគម្រោងថ្មីៗបន្ថែមទៀតសម្រាប់អាណត្តីថ្មីនេះ ដើម្បីរួមគ្នាដោះស្រាយនូវរាល់បញ្ហាប្រឈមដែលកសិករ អ្នកផលិត សហគមន៍ និងវិស័យឯកជនកំពុងជួបប្រទះ ធ្វើយ៉ាងណាដើម្បីកែលម្អ និងធ្វើបច្ចុប្បន្នភាព ឬតម្រង់ទិសលើការអុវត្តគោលនយោបាយ និងផែនការអភិវឌ្ឍវិស័យកសិកម្មឆ្នាំ ២០១៩-២០២៣ ដោយត្រូវបន្តជំរុញ និងគាំទ្រយ៉ាងពេញលេញការធ្វើទំនើបកម្មកសិកម្ម ការងារផ្សព្វផ្សាយ និងបណ្តុះបណ្តាលបច្ចេកទេសទំនើប ការលើកកម្ពស់ខ្សែច្រវាក់តម្លៃបន្ថែម ការកសាងហេដ្ថារចនាសម្ព័ន្ធគាំទ្រលើការកែច្នៃកសិផល ការវេចខ្ចប់ ធានាបានគុណភាព សុវត្ថិភាព និងស្តង់ដារ ជាពិសេសលើកកម្ពស់ការប្រកួតប្រជែងទាំងទីផ្សារក្នុងស្រុក និងទីផ្សារការនាំចេញ»។
ជាការឆ្លើយតប លោក Jongjin Kim ជំនួយការអគ្គនាយកអង្គការ FAO សង្ឃឹមថា FAO នឹងមានគម្រោងថ្មីៗបន្ថែមទៀតសម្រាប់កម្ពុជា។ លោកជឿជាក់ថា ក្រោមកិច្ចសហការយ៉ាងល្អប្រសើររបស់ លោករដ្ឋមន្រ្តី ក្រសួងកសិកម្ម FAO នឹងសម្រេចបាននូវសមិទ្ធផលថ្មីៗបន្ថែមទៀត ដែលវានឹងចូលរួមអភិវឌ្ឍវិស័យកសិកម្មកម្ពុជានាពេលអនាគត៕EB