ភ្នំពេញ ៖ រយៈពេល៣ខែ ក្រោយបើកប្រតិបត្តិការ ក្រុមហ៊ុន Renaissance Minerals (Cambodia) Limited អាចចម្រាញ់រ៉ែមាសបានចំនួន ៤៨ដុំ ដែលស្មើនឹងប្រមាណ ៥៥៥ គីឡូក្រាម ក្នុងតំបន់អូរខ្វាវ ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី។

របាយការណ៍ពីក្រសួងរ៉ែ និងថាមពល បានបង្ហាញថា ក្រុមហ៊ុនបាននាំចេញដុំមាស ៣៤ដុំ ឬស្មើនឹង ៣៥៥គីឡូក្រាម ទៅប្រទេសអូស្រ្តាលីរួចហើយ ដើម្បីយកទៅបន្សុទ្ធជាមាសទឹក៩៩,៩៩%។

លោក អ៊ឹង ឌីប៊ូឡា អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានរ៉ែ ក្រសួងរ៉ែ និងថាមពលបញ្ជាក់ថា ចំនួនមាសដែលក្រុមហ៊ុនចម្រាញ់បាននេះ គឺរលូនតាមផែនការដែលបានគ្រោងទុក។

គួរបញ្ជាក់ថា ក្រុមហ៊ុន Renaissance Minerals បានចាប់ផ្ដើម សម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនូវរោងចក្រចម្រាញ់រ៉ែមាសខ្នាតពាណិជ្ជកម្មជាលើកដំបូងនៅកម្ពុជា ក្នុងតំបន់អូរខ្វាវ ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី របស់ខ្លួន កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១។ (អានបន្ថែម)

សម្តេចតេជោ ហ៊ុន សែន ធ្លាប់ឱ្យដឹងថា ក្រុមហ៊ុនរំពឹងថានឹងអាចផលិតមាសសុទ្ធបានប្រមាណ ៣តោន ក្នុងមួយឆ្នាំ សម្រាប់រយៈពេល ៨ឆ្នាំដំបូង។ ផលិតផលមាសពីជម្រករ៉ែអូរខ្វាវនេះទៀតសោត ក៏ នឹងផ្ដល់ចំណូលដុលជាមធ្យមបានប្រមាណជា ១៨៥លានដុល្លារអាមេរិក ក្នុងមួយឆ្នាំ ដែលក្នុងនោះចំណូលថវិកាជាតិពីសួយសារ និងសារពើពន្ធផ្សេងៗជាមធ្យមនឹងមានប្រមាណ ៤០លានដុល្លារអាមេរិក ក្នុងមួយឆ្នាំ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ