ភ្នំពេញ ៖ លោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ថា ការរៀនតាមផ្ទះ ធ្វើឱ្យចំណេះដឹងសិស្សធ្លាក់ចុះ និងប្រឈមការបោះបង់សាលា ដោយសារតែមានការរីករាលដាលនៃជំងឺកូវីដ-១៩។

ក្នុងវេទិកាស្ដីពី «ការដាក់ចេញគោលនយោបាយផ្អែកលើភស្តុតាង» នាថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ លោក ហង់ ជួនណារ៉ុន បានថ្លែងថា «ការសិក្សានៅតាមផ្ទះ វាមិនដូចជាការសិក្សានៅតាមសាលារៀនទេ ដោយមានការរំខានផ្សេងៗ ពីខាងក្រៅផងដែរ។ កត្តាទាំងនេះ នឹងធ្វើឱ្យចំណេះដឹងរបស់សិស្ស នឹងធ្លាក់ចុះ ហើយសិស្សមួយចំនួនទៀត ក៏នឹងប្រឈមហានិភ័យបោះបង់ការសិក្សាផងដែរ»។


ជាងនេះទៅទៀត លោករដ្ឋមន្ដ្រី ក៏បានចាត់ទុកថា នេះជាបញ្ហាប្រឈមនៃប្រព័ន្ធអប់រំដែលរងផលប៉ះពាល់នៃជំងឺកូវីដ-១៩ ដែលទាមទារឱ្យមាន ការរួមកម្លាំងគ្នា ដោះស្រាយបញ្ហានេះ ដោយកូវីដទាំងអស់គ្នា។ លោកថា «ការបង្រៀន និងរៀនតាមបែបចម្រុះ នៅតែជាអាទិភាពទោះបីកូវីដចប់ ឬមិនចប់ក៏ដោយ»។

សូមរំលឹកថា ចាប់តាំងពីមានការឆ្លងជំងឺកូវីដ-១៩ នៅក្នុងសហគមន៍កម្ពុជា នាថ្ងៃ២០ កុម្ភៈ ឆ្នាំ២០២០ ក្រសួងអប់រំ យុវជន និងកីឡា បានសម្រេចបិទដំណើរការគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនទាំងអស់ជាបណ្ដោះអាសន្នទូទាំងប្រទេស ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ដោយតម្រូវឱ្យ គ្រឹះស្ថានសិក្សាទាំងអស់ត្រូវបន្ដដំណើរការបង្រៀន និងរៀនតាមប្រព័ន្ធអេឡិចត្រូនិច៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ