អតីតប្រមុខរាជរដ្ឋាភិបាលកម្ពុជា អំពាវនាវឱ្យអ៊ីស្រាអែល និងក្រុមហាម៉ាស់ អត់ធ្មត់ ហើយដោះស្រាយដោយសន្តិវិធី ប្រសើរជាងប្រយុទ្ធគ្នា
ភ្នំពេញ ៖ អតីតប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានអំពាវនាវដល់ភាគីទាំងអស់នៅក្នុងជម្លោះនៅប្រទេសអ៊ីស្រាអែល បន្តការអត់ធ្មត់ ហើយខិតខំដោះស្រាយបញ្ហានេះដោយសន្តិវិធី។
ការអំពាវនាវរបស់សម្ដេចតេជោ ហ៊ុន សែន គ្រាដែលមានហេតុការណ៍នៃការវាយប្រហារគ្នារវាងកងទ័ពអ៊ីស្រាអែល និងក្រុមហាម៉ាស់ កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣មកនេះ។
ក្នុងពិធីបិទបញ្ចប់កញ្ចក់កាមេរ៉ា-ថតខ្សែភាពយន្តភាគរឿងកូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី នៅល្ងាចថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងដូច្នេះ ថា «ក្នុងប៉ុន្មានថ្ងៃនេះ មានរឿងរ៉ាវនៅអ៊ីស្រាអែល ហើយយើងកំពុងតាមដានបន្ត ដោយនាយករដ្ឋមន្ត្រី បណ្ដារដ្ឋមន្ត្រីដែលមានការពាក់ព័ន្ធ កំពុងតាមដានដោយដិតដល់នូវព្រឹត្តិការណ៍នេះ»។
សម្ដេចតេជោ ហ៊ុន សែន បានអំពាវនាវឱ្យភាគីទាំងអស់អត់ធ្មត់ ស្វែងរកផ្លូវដោះស្រាយ តាមរយៈនៃការសន្ទនា។ ទន្ទឹមនេះ សម្ដេចតេជោ ក៏បានអំពាវនាវចំពោះក្រុមហាម៉ាស់ ឱ្យដោះលែងចំណាប់ខ្មាំង ដែលបានចាប់ខ្លួននៅក្នុងការវាយប្រហារនេះ ខណៈក្នុងនោះ ក៏មានពលរដ្ឋថៃចំនួនជាង១០នាក់ផងដែរ។
សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ទង្វើរបស់ក្រុមហាម៉ាស់ វាមិនបានផ្ដល់នូវផលប្រយោជន៍សម្រាប់ពូកគេឡើយ។ សម្ដេច សង្កត់ធ្ងន់ថា «ប្រសិនបើអ្នកចាប់ជំរិត ចាប់ជាចំណាប់ខ្មាំង យកទៅសម្លាប់ ធ្វើបាប គឺវាមិនមានផលប្រយោជន៍ទេ»។ ជាថ្មីម្ដងទៀត អតីតប្រមុខរាជរដ្ឋាភិបាលកម្ពុជារូបនេះ បានអំពាវនាវឱ្យមានការសន្ទនា ហើយរកការស្រុះស្រួលគ្នាដោយសន្តិវិធី ប្រសើរជាងការប្រយុទ្ធគ្នា៕EB