សម្ដេចតេជោ ហ៊ុន សែន ៖ កម្ពុជា មិនខ្លាចចំណាយថវិកា ដើម្បីជួលយន្តហោះដឹកពលរដ្ឋខ្លួន ចេញពីអ៊ីស្រាអែល
ភ្នំពេញ ៖ អតីតប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា ក្នុងករណីអ៊ីស្រាអែល តម្រូវឲ្យកម្ពុជាជម្លៀសនិស្សិត និងពលរដ្ឋជាង ៤០០នាក់ ចេញពីអ៊ីស្រាអែលនោះ កម្ពុជា មិនខ្លាច នូវការចំណាយថវិកា ដើម្បីជួលយន្តហោះដឹកពលរដ្ឋខ្លួន។
ជាការកត់សម្គាល់ រហូតមកទល់ពេលនេះ រដ្ឋាភិបាលអ៊ីស្រាអែល មិនទាន់ប្រកាសឲ្យជនបរទេស រួមទាំងកម្ពុជា ដែលរស់នៅអ៊ីស្រាអែល ចាកចេញពីប្រទេសខ្លួនឡើយ។
នាឱកាសអញ្ជើញបិទការថតខ្សែភាពយន្ត «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី» នារសៀលថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងថា បើតាមការបញ្ជាក់ពី សម្ដេចធិបតី ហ៊ុន ម៉ាណែត គឺ រាជរដ្ឋាភិបាលកម្ពុជា មិនមានលទ្ធភាពធ្វើបែបនេះទេ (មិនមានលទ្ធភាពយកយន្តហោះទៅដឹកនិស្សិត និងពលរដ្ឋ)។ ខណៈ សម្ដេចតេជោ ថា រាជរដ្ឋាភិបាល និងក្រសួងស្ថាប័នពាក់ព័ន្ធ កំពុងតាមដានដោយយកចិត្តទុកដាក់បំផុតលើព្រឹត្តិការណ៍វាយប្រហារគ្នានៅអ៊ីស្រាអែល។
សម្ដេចតេជោ បានបញ្ជាក់ថា «ខ្ញុំ សូមផ្ដល់ជាយោបល់ឲ្យរាជរដ្ឋាភិបាល ឲ្យនាយករដ្ឋមន្ដ្រី ក្នុងករណីដែល រដ្ឋាភិបាលអ៊ីស្រាអែល ថា ចាំបាច់ ត្រូវតែជម្លៀសប្រជាពលរដ្ឋ និស្សិត កម្ពុជា ចេញ យើងកុំខ្លាច ជាមួយនឹងការ ចំណាយប្រាក់ ជួលយន្តហោះពិសេស ដើម្បីទៅដឹកនិស្សិត និងពលរដ្ឋរបស់យើងជាង ៤០០នាក់ ចាក់ចេញពីអ៊ីស្រាអែល។ ប៉ុន្ដែខ្ញុំ មិនជឿថា អ៊ីស្រាអែល គាត់មិនសំណូមពរបែបនេះចំពោះ យើងនោះទេ»។
សូមបញ្ជាក់ថា ក្នុងហេតុការណ៍ប្រយុទ្ធគ្នារវាងកងទ័ពអ៊ីស្រាអែល និងក្រុមហាម៉ាស់ បានផ្ទុះឡើងចាប់ពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ បានបណ្ដាលឱ្យនិស្សិតខ្មែរម្នាក់ (ក្នុងចំណោមពលរដ្ឋខ្មែរចំនួន ៤៥០នាក់ កំពុងមានវត្តមាននៅប្រទេសអ៊ីស្រាអែល) បានទទួលរងគ្រោះរហូតដល់បាត់បង់ជីវិត៕EB