ភ្នំពេញ ៖ រដ្ឋាភិបាល ណូវែលហ្សឺឡង់ បានផ្តល់ជំនួយបោសសម្អាតមីនបន្ថែម ៣,១លានដុល្លារ តាមរយៈគម្រោងបោសសម្អាតមីននៅកម្ពុជា ដើម្បីលទ្ធផលដំណាក់កាលទី៤។

ការផ្តល់ជំនួយនេះ ធ្វើឡើងនៅថ្ងៃ៦ ធ្នូ ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាភិបាលគម្រោងបោសសម្អាតមីនដើម្បីលទ្ធផល ដំណាក់កាលទី៤ នៅខេត្តបន្ទាយមានជ័យ ដោយលោក លី ធុជអញ្ជើញជាអធិបតី ក្នុងពិធីចុះហត្ថលេខាកិច្ចព្រមព្រៀងហិរញ្ញប្បទានរវាងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) តំណាងដោយលោកស្រី Alissar Chaker ប្រធាន UNDP ប្រចាំកម្ពុជា និងក្រសួងការបរទេស និងពាណិជ្ជកម្មនៃប្រទេសណូវែលហ្សឺឡង់ តំណាងដោយ លោក Jonathan Kings ឯកអគ្គរាជទូតណូវែលហ្សឺឡង់ប្រចាំកម្ពុជា។

ក្នុងពិធីចុះហត្ថលេខានេះ រដ្ឋាភិបាលណូវែលហ្សឺឡង់ បានផ្តល់ហិរញ្ញប្បទានបន្ថែមចំនួន៥លានដុល្លារណូវែលហ្សឺឡង់ ស្មើនឹងជាង ៣,១ លានដុល្លារ ក្នុងគម្រោងបោសសម្អាតមីនដើម្បីលទ្ធផលដំណាក់កាលទី៤ ដែលសម្របសម្រួលដោយអង្គការ UNDP ។

តាមរយៈគម្រោងនេះ អាជ្ញាធរមីនបាននិងកំពុងរៀបចំផែនការបោសសម្អាតមីនក្នុងខេត្តបន្ទាយមានជ័យ និងខេត្តព្រះវិហារ។

 គូសបញ្ជាក់ផងដែរថា កាលពីឆ្នាំ២០២១ ណូវែលហ្សឺឡង់ បានផ្តល់ហិរញ្ញប្បទានដល់គម្រោងបោសសម្អាតមីនដើម្បីលទ្ធផលដំណាក់កាលទី៤ ចំនួន ៣,៨ លានដុល្លារផងដែរ។

លោក Jonathan Kings ឯកអគ្គរាជទូតណូវែលហ្សឺឡង់ បានលើកឡើងថា សកម្មភាពមីននៅកម្ពុជាពិតជាមានផលវិជ្ជមានដល់ប្រជាពលរដ្ឋកម្ពុជា។ លោកក៏បានកោតសរសើរកម្ពុជាដែលបានបំពេញការងារយ៉ាងល្អក្នុងកិច្ចសង្គ្រោះជនរងគ្រោះ និងការបញ្ជ្រាបយេនឌ័រចូលរក្នុងសកម្មភាពមីន។

លោកបញ្ជាក់ទៀតថា ដើម្បីសម្រេចបានគោលដៅរួម ទាមទារឲ្យមានកិច្ចសហប្រតិបត្តិការខ្ពស់ ហើយទោះបីជាកម្ពុជាសម្រេចបានសមិទ្ធផលគួជាទីកត់សម្គាល់ ប៉ុន្តែកម្ពុជានៅមានកិច្ចការជាច្រើនទៀតដែលត្រូវធ្វើដើម្បីធានាសម្រេចបានគោលដៅកម្ពុជាគ្មានមីនឆ្នាំ២០២៥៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ