ក្រសួងមហាផ្ទៃ ចេញលិខិតណែនាំដល់ អភិបាលរាជធានី-ខេត្ត ពីការដំឡើងឋានន្តរស័ក្តិថ្នាក់ប្រចាំឆ្នាំ និងតាមកម្រិតសញ្ញាបត្រ ជូនមន្ត្រីរាជការស៊ីវិល
ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០ បានចេញលិខិតប្រាប់អភិបាលរាជធានី-ខេត្ត ស្តីពីការដំឡើងឋានន្តរស័ក្តិ ថ្នាក់ប្រចាំឆ្នាំ និងតាមកម្រិតសញ្ញាបត្រ ជូនមន្ត្រីរាជការស៊ីវិល នៅរដ្ឋបាលថ្នាក់ក្រោមជាតិ សម្រាប់ឆ្នាំ២០២១។
ក្នុងលិខិតបានឲ្យដឹងថា ក្នុងដំណើរការដំឡើងឋានន្តរស័ក្តិ ថ្នាក់ប្រចាំឆ្នាំ និងតាមកម្រិតសញ្ញាបត្រសម្រាប់ឆ្នាំ២០២០នេះ ក្រសួងមហាផ្ទៃ បានពិនិត្យឃើញថា រដ្ឋបាលរាជធានី ខេត្តនីមួយៗ បានខិតខំយកចិត្តទុកដាក់ និងចូលរួមសហការ ក្នុងដំណើរការរៀបចំការដំឡើងឋានន្តរស័ក្តិ ថ្នាក់ប្រចាំឆ្នាំ និងតាមកម្រិតសញ្ញាបត្រ ជូនមន្ត្រីរាជការស៊ីវិល នៅរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីជាផលប្រយោជន៍ដល់មន្ត្រីរាជការក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ស្របតាមច្បាប់ និងលិខិតបទដ្ឋាន គតិយុត្តកំណត់។
ពាក់ព័ន្ធនឹងបញ្ហាខាងលើ សម្រាប់ឆ្នាំ២០២១ខាងមុខ ក្រសួងមុខងារសាធារណៈ បានស្នើឲ្យក្រសួង ស្ថាប័នថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ពន្លឿនការដំឡើង ឋានន្តរស័ក្តិ ថ្នាក់ប្រចាំឆ្នាំតាមវេនអតីតភាព តាមវេនជ្រើសរើស និងតាមកម្រិតសញ្ញាបត្រជូនមន្ត្រីរាជការស៊ីវិល ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ឲ្យបានទាន់ពេលវេលា និងជាផលប្រយោជន៍ដល់មន្ត្រីរាជការម្នាក់ៗ ដែលបានខិតខំបំពេញការងារពិតប្រាកដ និងមានអតីតភាពការងារអប្បបរមា ០២ឆ្នាំ គិតមកដល់ថ្ងៃទី១៣ ខែមេសា នៃឆ្នាំនីមួយៗ៕EB