កម្ពុជា ស្នើធនាគារពិភពលោក រៀបចំកម្មវិធីដោះស្រាយបញ្ហាសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដែលបច្ចុប្បន្នបណ្តាលឱ្យមនុស្ស ៤ ទៅ៥នាក់ស្លាប់ ជារៀងរាល់ថ្ងៃ
ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានស្នើឲ្យធនាគារពិភពលោកពិនិត្យលទ្ធភាពលើការរៀបចំកម្មវិធី ដើម្បីដោះស្រាយបញ្ហាសំខាន់ៗមួយចំនួន ទាក់ទងនឹងបញ្ហាសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដែលបច្ចុប្បន្នបានបណ្តាលឲ្យមនុស្សពី ៤ទៅ ៥នាក់ស្លាប់ និងរងរបួសពី១០ ទៅ១៥នាក់ ជារៀងរាល់ថ្ងៃនៅលើដងផ្លូវ។
ក្នុងជំនួបសម្ដែងការគួរសមជាមួយ លោកស្រី Maryam Salim នាយិកាគ្រប់គ្រងថ្មីនៃការិយាល័យធនាគារពិភពលោក ប្រចាំកម្ពុជា ដោយមានការចូលរួមផ្ទាល់ និងតាមរយៈប្រព័ន្ធវីដេអូ នាថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២១ លោក ស៊ុន ចាន់ថុល បានថ្លែងអំណរគុណចំពោះធនាគារពិភពលោក ដែលផ្ដល់ការគាំទ្រ និងទំនាក់ទំនងល្អលើការងារស្ដារ និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្តនៅកម្ពុជាឲ្យមានការរីកចម្រើន។
លោកបានបញ្ជាក់ថា «ស្នើឲ្យធនាគារពិភពលោកពិនិត្យលទ្ធភាពលើការរៀបចំកម្មវិធី ដើម្បីដោះស្រាយបញ្ហាសំខាន់ៗមួយចំនួន ទាក់ទងនឹងបញ្ហាសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដែលបច្ចុប្បន្នបានបណ្តាលឲ្យមនុស្សពី ៤ទៅ ៥នាក់ស្លាប់ និងរងរបួសពី១០ ទៅ១៥នាក់ ជារៀងរាល់ថ្ងៃនៅលើដងផ្លូវ និងបញ្ហាគំនូសចរាចរណ៍ និងសញ្ញាចរាចរណ៍គ្រប់ផ្លូវទាំងអស់នៅកម្ពុជា ដើម្បីជួយកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ឲ្យនៅកម្រិតទាប តាមដែលអាចធ្វើទៅបាន»។
ជាងនេះទៅទៀត លោកទេសរដ្ឋមន្ដ្រី ក៏បានស្នើឲ្យលោកស្រីនាយិកា ពិនិត្យលទ្ធភាពក្នុងការជួយបំពាក់ប្រព័ន្ធគ្រប់គ្រងយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ដោយស្វ័យប្រវត្តិ ឬហៅថា AI Camera and Weigh-in Motion Sensor Centralized Database Solution System នៅតាមទីតាំងផ្លូវជាតិសំខាន់ៗ ដែលប្រព័ន្ធនេះមានអត្ថប្រយោជន៍ជួយកាត់បន្ថយការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ បង្កឲ្យផ្លូវឆាប់ខូចមុនអាយុកាល មានសមត្ថភាពអាចចាប់ល្បឿន យានយន្ត ដឹងពីល្បឿន អត្តសញ្ញាណ និងទម្ងន់ផ្ទុករបស់យានយន្តដឹកជញ្ជូន ទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ និងបានអញ្ជើញលោកស្រីនាយិកាចុះទៅពិនិត្យដោយផ្ទាល់នូវការបំពាក់ប្រព័ន្ធនេះនៅទីតាំងមួយកន្លែងផងដែរ។
ជាការឆ្លើយតប លោកស្រី Maryam Salim បានធ្វើការកត់សម្គាល់ និងសម្តែងចំណាប់ចំពោះសំណើនានាដែល លោកទេសរដ្ឋមន្ត្រីបានលើកឡើងទាក់ទងទៅនឹងគម្រោងអភិវឌ្ឍន៍នានារបស់ក្រសួង និងបានគូសបញ្ជាក់ថា ក្រុមការងារនឹងធ្វើការពិនិត្យពិចារណា និងសម្របសម្រលចំពោះសំណើទាំងនោះ។
ជាមួយគ្នានោះផងដែរ លោកស្រីនាយិកា បានកោតសរសើរចំពោះប្រទេសកម្ពុជា ដែលទទួលបានការរីកចម្រើនយ៉ាងឆាប់រហ័ស ក្នុងរយៈពេល២០ឆ្នាំចុងក្រោយនេះ ជាពិសេសសមិទ្ធផលសម្រេចបានលើការបំពេញការងារ ក្នុងភាពជាដៃគូរយៈពេលកន្លងមកជាមួយ ក្រសួងលើវិស័យដឹកជញ្ជូន ការងារគ្រប់គ្រងទឹកកខ្វក់ និងសមិទ្ធផលសម្រេចបានគួរឲ្យកត់សម្គាល់ផ្សេងទៀត៕EB