ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានអបអរសាទរចំពោះ លោកយាយ ចាន់ ឃីម រស់នៅភូមិកន្ត្រក សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ទទួលបានចាក់វ៉ាក់សាំងលេខរៀង ទី៧លាននាក់។
តាមរយៈគេហទំព័រហ្វេសប៊ុក នាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងថា តាមរយៈការខិតខំរបស់ក្រុមគ្រូពេទ្យ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងការចូលរួមរបស់ប្រជាជន មកដល់ថ្ងៃនេះ សម្រេចបាននូវការចាក់វ៉ាក់សាំងការពារកូវីដ-១៩ បាន ៧លាននាក់ ស្មើនឹង៧០ភាគរយ នៃប្រជាជន ដែលត្រូវចាក់វ៉ាក់សាំង ចំនួន១០លាននាក់។
សម្ដេចតេជោ មានប្រសាសន៍ថា «សូមអបអរសាទរចំពោះ លោកយាយ ចាន់ ឃីម រស់នៅភូមិកន្ត្រក សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាបដែលទទួលបានការចាក់វ៉ាក់សាំងលេខរៀង ទី៧លាន»។
សម្ដេចតេជោ បន្ដថា លោកស្រីឱ វណ្ណឌីន នឹងនាំយកថវិកា ចំនួន១០លានរៀល និងសម្ភារៈផ្សេងទៀត ទៅជូនលោកយាយដោយផ្ទាល់ និងជូនពរលោកយាយ ជួបតែសេចក្តីសុខសេចក្តីចំរើន៕