ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានអវិជ្ជមានកូវីដ-១៩ ក្រោយធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃ ហើយសម្ដេចថា ក្នុងមេដឹកនាំអាស៊ាន ប្រហែលមានសម្ដេចម្នាក់ទេ ធ្វើចត្តាឡីស័ក ចំនួន៣ដង និងសង្ឃឹមថា គ្មានលើកទី៤។

តាមរយៈគេហទំព័រហ្វេសប៊ុក នាថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា «ថ្ងៃនេះ ក្រុមគ្រូពេទ្យបានមកយកសំណាកខ្ញុំ ទៅធ្វើតេស្តជាលើកចុងក្រោយ បន្ទាប់ពីការធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ។ លទ្ធផលពីមន្ទីរពិសោធន៍ បានបញ្ជាក់ថា ខ្ញុំអវិជ្ជមានពីកូវីដ-១៩ ដែលខ្ញុំត្រូវបញ្ចប់ការធ្វើចត្តាឡីស័ក ត្រឹមល្ងាចថ្ងៃទី២ ខែ កក្កដា ឆ្នាំ២០២១នេះ»។

សម្ដេចតេជោ បន្ដថា «ក្នុងចំណោមមេដឹកនាំអាស៊ាន ប្រហែលមានតែខ្ញុំម្នាក់ទេ ដែលធ្វើចត្តាឡីស័កច្រើនជាងគេ រហូតដល់ទៅ៣ដង ក្នុងរយៈពេល៨ខែ។ ខ្ញុំសង្ឃឹមថា នឹងពុំមានលើកទី៤ទៀតទេ»។

សម្ដេចតេជោ បន្ថែមថា ដើម្បីធានាថា ពុំមានលើកទី៤ មនុស្សដែលត្រូវជួប សម្ដេច ត្រូវបានធ្វើតេស្តជាមុនយ៉ាងហោចណាស់គឺការធ្វើតេស្តរហ័ស និងកាន់តែធានាសម្រាប់ទាំងអស់ គឺការមិនជួបគ្នាដោយផ្ទាល់ និងជំនួសដោយការជួបគ្នាតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានវិញ។

សូមរំលឹកថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានធ្វើចត្តាឡីស័ក រយៈពេល ១៤ថ្ងៃ ចាប់ពីថ្ងៃទី១៩ មិថុនា ដល់ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២១ ក្រោយពីជាប់ពាក់ព័ន្ធដោយប្រយោលជាមួយ អ្នកកើតជំងឺកូវីដ-១៩៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ