ភ្នំពេញ ៖ វ៉ាក់សាំងប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ចំនួន៤លានដូសបន្ថែមទៀត ក្នុងនោះ ប្រភេទស៊ីណូហ្វាម ចំនួន ១លានដូស និងប្រភេទវ៉ាក់សាំងស៊ីណូវ៉ាក់ ចំនួន៣លានដូស ដែលរាជរដ្ឋាភិបាលកម្ពុជា បញ្ជាទិញពីមិត្តចិននោះ បានដឹកមកដល់ប្រទេសកម្ពុជាហើយ នាព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១។
គិតចាប់ពីថ្ងៃទី៧ ខែកុម្ភៈ មកដល់ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១នេះ កម្ពុជាទទួលបានវ៉ាក់សាំង ជាង១៦លាន ដូសរួចទៅហើយ សម្រាប់ចាក់ជូនប្រជាពលរដ្ឋរបស់ខ្លួន។ វ៉ាក់សាំងកូវីដ-១៩ ដែលកម្ពុជាទទួលបាន ហើយកំពុងចាក់ជូនប្រជាពលរដ្ឋនេះ គឺភាគច្រើនបំផុតជារបស់ប្រទេសចិន។
រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញយុទ្ធសាស្ត្រ ចាក់វ៉ាក់សាំងឲ្យបានលឿន តាមដែលអាចធ្វើទៅបាន។ ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាលស្វះស្វែងរកវ៉ាក់សាំង ហើយបាននាំមកដល់នូវវ៉ាក់សាំង ជាបន្តបន្ទាប់សម្រាប់ចាក់ជូនប្រជាពលរដ្ឋ។ រាជរដ្ឋាភិបាល នឹងសម្រេចការចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋ ចំនួន១០លាននាក់ នៅក្នុងឆ្នាំ២០២១នេះ ឬយ៉ាងយូរបំផុតនៅដើមឆ្នាំ២០២២។
ជាងនេះទៅទៀត រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងពិចារណាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋដូសទី៣ និងក្រុមមនុស្សដែលមានអាយុក្រោម១៨ឆ្នាំ ផងដែរ។
យោងតាមរបាយការណ៍របស់ ក្រសួងសុខាភិបាល បានឲ្យដឹងថា គិតត្រឹមថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២១ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ-១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ ទូទាំងប្រទេស ចំនួន ៤,៧៩៣,១៩៧នាក់ ក្នុងនោះ លទ្ធផលចាក់វ៉ាក់សាំង គោលដៅ១០លាននាក់ បានចំនួន៤៧.៩៣% ហើយ៕