ភ្នំពេញ ៖ លោក គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានបញ្ជាក់ថា រយៈពេល៣ខែ ឆ្នាំ២០២៣ អគ្គនាយកដ្ឋានពន្ធដារប្រមូលចំណូលពន្ធបានចំនួន ៥ ៤៤២ ប៊ីលានរៀល (ប្រមាណជា ១ ៣៤៣.៩០លានដុល្លារ) ស្មើនឹង ៣៧.៦៣% នៃផែនការច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣។ បើប្រៀបធៀបនឹងចំណូលពន្ធ-អាករ ក្នុងរយៈពេលដូចគ្នា ឆ្នាំ២០២២ ឃើញថាកើនឡើងចំនួន ៣២៦.៩៧ ប៊ីលានរៀល (ប្រមាណជា ៨០.៧៣ លានដុល្លារ) ស្មើនឹង ៦.៣៩%។

ការបញ្ជាក់របស់លោករដ្ឋមន្ត្រី គង់ វិបុល ធ្វើឡើងកិច្ចប្រជុំបូកសរុបលទ្ធផលប្រមូលចំណូលពន្ធប្រចាំខែមីនា និងប្រចាំត្រីមាសទី១ ឆ្នាំ២០២៣ ព្រមទាំង ទិសដៅសម្រាប់អនុវត្តបន្ត ដែលរៀបចំតាមប្រព័ន្ធអនឡាញ (Zoom Meeting) នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣នេះ។

លោក គង់ វិបុល បញ្ជាក់ថា ចំណូលពន្ធប្រចាំខែមីនា ឆ្នាំ២០២៣ និងជារួមសម្រាប់រយៈពេល ៣ខែដើមឆ្នាំ២០២៣ បានហក់ឡើងខ្ពស់ ដោយសារតែ ជារៀងរាល់ឆ្នាំ ខែមករា ដល់ខែមីនា គឺជារដូវកាលនៃការប្រកាស និងបង់ប្រាក់ពន្ធលើប្រាក់ចំណូល ប្រចាំឆ្នាំ ដែលឆ្លុះបញ្ចាំងអំពីសកម្មភាពអាជីវកម្មថា រកបានចំណេញ ឬខាតរបស់សហគ្រាសនាឆ្នាំកន្លងមក។

លោកបន្តថា ការប្រកាស និងបង់ប្រាក់ពន្ធលើប្រាក់ចំណូលសម្រាប់ឆ្នាំ២០២២ បានទទួលនូវលទ្ធផលល្អប្រសើរ ដោយសារ ប្រព័ន្ធពន្ធដារ E-Filing និង ToI E-Filing មានភាពរឹងមាំនិងមានតម្លាភាព ដែលជាយន្តការយ៉ាងសំខាន់ ក្នុងការពង្រឹងការផ្ទៀងផ្ទាត់ការដាក់លិខិតប្រកាស និងបង់ប្រាក់ពន្ធ (Cross check)។

លោកបន្តថា កន្លងមកអគ្គនាយកដ្ឋានពន្ធដារបាន និងកំពុងអនុវត្តកាតព្វកិច្ចដំឡើងឧបករណ៍វាស់ចំណុះស្រាបៀរ និងភេសជ្ជៈគ្មានជាតិអាល់កុល របស់សហគ្រាសផលិតក្នុងស្រុក (Flowmeter) សំដៅធានាបាននូវតម្លាភាព និងការប្រកួត ប្រជែងស្មើភាព ហើយដើម្បីធានាបាននូវនិរន្តរភាពនៃវិធានការនេះ អគ្គនាយកដ្ឋានពន្ធដារ ត្រូវរៀបចំយន្តការចុះត្រួតពិនិត្យជាក់ស្តែងតាមដាន និងធ្វើការថែទាំឧបករណ៍ និងបណ្តាញដែលបានរៀបចំតាមរោងចក្រ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ