ភ្នំពេញ ៖ រដ្ឋាភិបាលជប៉ុន នាថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១ បានឯកភាពផ្តល់ថវិកា ចំនួន ៣៦៨,៤៧៨ ដុល្លារ ក្រោមជំនួយឥតសំណងសម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ គូសាណូណិ។
គម្រោង ចំនួន៤ រួមមាន ៖ កែលម្អផ្លូវ ក្នុងស្រុកដំណាក់ចង្អើរ ខេត្តកែប, កែលម្អបរិក្ខារក្នុងមន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប, សាងសង់អគារសម្រាប់មណ្ឌលសុខភាពស្រែអង្គ្រង ក្នុងខេត្តរតនគិរី និងសម្រាប់មណ្ឌលថែទាំពេលថ្ងៃ នៅអង្គការតំណក់ទឹកសាខាខេត្តព្រៃវែង។
ក្នុងពិធីចុះហត្ថលេខាលើកិច្ចសន្យាផ្តល់ជំនួយឥតសំណងសម្រាប់គម្រោងទ្រង់ទ្រាយតូចសនិ្តសុខមនុស្សជាតិ នាថ្ងៃទី២៤ ធ្នូ លោក មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា បានថ្លែងថា ចាប់តាំងពីឆ្នាំ១៩៩១ បន្ថែមលើគម្រោងឥណទាន និងជំនួយឥតសំណងខ្នាតធំ រដ្ឋាភិបាលជប៉ុនបាននិងកំពុងអនុវត្តកម្មវិធីគូសាណូណិនៅកម្ពុជា ដើម្បីជួយដោយផ្ទាល់ដល់អាជ្ញាធរមូលដ្ឋាន និងអង្គការក្រៅរដ្ឋាភិបាលនានា ក្នុងការអនុវត្តគម្រោងរបស់ពួកគាត់។ លោកថា គូសាណូណិ មានន័យថា «ឬសស្មៅ» ក្នុងភាសាជប៉ុន។
លោក បន្ដថា នៅក្នុងរយៈពេល៣០ឆ្នាំចុងក្រោយនេះ ស្ថានទូតជប៉ុនប្រចាំប្រទេសកម្ពុជា បានចូលរួមចំណែកក្នុងគម្រោង ជាង៦៥០ តាមរយៈជំនួយឥតសំណងគូសាណូណិ។ លោក មានសេចក្តីសោមនស្សរីករាយដែលគម្រោងទាំងនេះ បានចូលរួមចំណែកដោយផ្ទាល់ក្នុងការលើកកម្ពស់គុណភាពនៃជីវភាពរបស់ប្រជាជនកម្ពុជានៅកម្រិតមូលដ្ឋាន។
សូមបញ្ជាក់ថា គម្រោងទី១ សម្រាប់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកែប រដ្ឋាភិបាលជប៉ុនផ្តល់ថវិកា ចំនួន៩៣,៩៣២ ដុល្លារ, គម្រោងទី២ សម្រាប់មន្ទីរសុខាភិបាលខេត្តរតនគិរី រដ្ឋាភិបាលជប៉ុនផ្តល់ថវិកា ចំនួន ៩២,៣០៥ ដុល្លារ, គម្រោងទី៣ សម្រាប់មន្ទីរពេទ្យកុមារអង្គរ រដ្ឋាភិបាលជប៉ុនផ្តល់ថវិកា ចំនួន៨៦,៦២៣ដុល្លារ, គម្រោងទី៤ សម្រាប់អង្គការ តំណក់ទឹក រដ្ឋាភិបាលជប៉ុនផ្តល់ថវិកាចំនួន ៩៥,៦១៨ដុល្លារ៕EB