ភ្នំពេញ ៖ រដ្ឋាភិបាលជប៉ុន តាមរយៈអង្គការយូនីសេហ្វ បានផ្ដល់ថវិកាជិត១លាន ដើម្បីគាំទ្ររាជរដ្ឋាភិបាលកម្ពុជា ក្នុងកិច្ចខិតខំប្រឹងប្រែង ចាក់វ៉ាក់សាំងកូវីដ-១៩ ជាពិសេសនោះ បង្កើនសមត្ថភាពប្រព័ន្ធត្រជាក់សម្រាប់ទុកវ៉ាក់សាំង។

តាមសេចក្ដីប្រកាសព័ត៌មាន របស់ស្ថានទូតជប៉ុនប្រចាំកម្ពុជាថ្ងៃទី១ ខែមេសា ឆ្នាំ២០២១ បានឲ្យដឹងថា «រដ្ឋាភិបាលជប៉ុនបានផ្តល់ជំនួយបន្ទាន់ ក្នុងទឹកប្រាក់ ៣៦,៩ លានដុល្លារ ដល់យូនីសេហ្វប្រចាំតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក ដើម្បីកែលម្អការគ្រប់គ្រងប្រព័ន្ធត្រជាក់សម្រាប់ទុកដាក់វ៉ាក់សាំងក្នុងប្រទេសចំនួន១២ ដែលរងផលប៉ះពាល់ ដោយជំងឺកូវីដ-១៩។ ថវិកាជិត ១ លានដុល្លារ នៃថវិកាសរុបនឹងត្រូវដកមកប្រើប្រាស់ ដើម្បីគាំទ្ ររាជរដ្ឋាភិបាលកម្ពុជា ក្នុងកិច្ចខិតខំប្រឹងប្រែងចាក់វ៉ាក់សាំងកូវីដ-១៩ ជាពិសេសដើម្បីបង្កើន សមត្ថភាពនៃប្រព័ន្ធត្រជាក់តាម រយៈការរៀបចំនូវហេដ្ឋារចនាសម្ព័ន្ធ បរិក្ខារ មធ្យោបាយដឹកជញ្ជូន និងផ្តល់ការបណ្តុះបណ្តាលដល់បុគ្គលិកសុខាភិបាល»។

ស្ថានទូតបន្ដថា សមត្ថភាពនៃប្រព័ន្ធត្រជាក់មានសារៈសំខាន់ យ៉ាងខ្លាំង សម្រាប់ដឹកជញ្ជូនវ៉ាក់សាំង ដែលត្រូវរក្សាទុកក្នុងសីតុណ្ហភាពត្រជាក់ ដើម្បីរក្សាប្រសិទ្ធភាព រាប់បញ្ចូលទាំងវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ផងដែរ។

លោក មីកាមិ ម៉ាសាហ៊ីរ៉ូ (MIKAMI Masahiro) ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា មានប្រសាសន៍ថា «ការផ្តល់វ៉ាក់សាំងគឺមានសារៈសំខាន់ដូចគ្នាទៅនឹងវ៉ាក់សាំងដែរ។ រដ្ឋាភិបាលជប៉ុនប្តេជ្ញាជួយកែលម្អ កម្មវិធីផ្តល់វ៉ាក់សាំងនៅទូទាំងប្រទេស កំពុងអភិវឌ្ឍន៍។ បទពិសោធន៍ ច្រើនឆ្នាំរបស់យូនីសេហ្វក្នុងកិច្ចសហការជាមួយរដ្ឋាភិបាលកម្ពុជា ក្នុងការអនុវត្តកម្មវិធីផ្តល់ថ្នាំបង្ការ គឺជាហេតុផលដែលធ្វើឲ្យយើងមានទំនុកចិត្តទាំងស្រុងថា ជំនួយថវិកានេះ ពិតជានឹងសម្រេចបាននូវផលជាវិជ្ជមានយ៉ាងធំ ។ យើងនឹងបន្តសហការជាមួយយូនីសេហ្វ និងរាជរដ្ឋាភិបាលកម្ពុជា រហូតដល់ពេលដែលយើងអាចនិយាយបានយ៉ាង ពិតប្រាកដថា យើងពិតជាបានទប់ស្កាត់ទាំងស្រុង និងធូរស្បើយមកវិញ ពីការរាតត្បាតជាសកលនៃជំងឺកូវីដ-១៩»។

លោក បន្ដថា ក្នុងនាមជាអ្នកទិញវ៉ាក់សាំងធំជាងគេតែមួយគត់ នៅក្នុងពិភពលោក យូនីសេហ្វ ត្រូវបានជ្រើសរើសឲ្យធ្វើជាស្ថាប័នដឹកនាំកិច្ចលទ្ធកម្ម និងការផ្គត់ផ្គង់សម្រាប់យន្តការកូរ៉ាក់។

ដោយឡែក លោកស្រី ហ្វ័រហ្គ ឲ្យូហ្សិថ (Foroogh Foyouzat) តំណាងយូនីសេហ្វប្រចាំកម្ពុជា បានថ្លែថា «យើងសូមសម្តែងនូវការដឹងគុណចំពោះរដ្ឋាភិបាលជប៉ុន ដែលបានគាំទ្រដល់កម្ពុជា ក្នុងពេលដ៏ចាំបាច់នេះ ជាពិសេស ខណៈចំនួនករណីកូវីដ-១៩កំពុងកើនឡើង។ ការរាតត្បាតជាសកលពុំស្គាល់ព្រំដែននោះ ឡើយ ហើយវ៉ាក់សាំងត្រូវតែ បានទៅដល់មនុស្សដែលងាយឆ្លងវីរុសនេះជាងគេ និងមុនគេ»៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ