(វីដេអូ)៖ភរិយាមន្ត្រីនគរបាលស័ក្ក៤ម្នាក់ដែលបានស្លាប់ដោយសារជំងឺកូវីដ-១៩ដំបូងគេបង្អស់នៅកម្ពុជា ប្រកាសស្វែងរកជំនួយបន្ទាន់ ខណៈខ្លួនគ្មានលទ្ធភាពចិញ្ចឹមកូនក្នុងបន្ទុក៤នាក់ តទៅមុខទៀតបាន ព្រោះទើបតែវះកាត់ពីជំងឺ
(ភ្នំពេញ)៖ភរិយាមន្ត្រីនគរបាលស័ក្ក៤ម្នាក់ អ្នកស្រី វេង សុម៉ាលី ប្រកាសសុំឱ្យសប្បុរសជននានាមេត្តាជួយដល់ក្រុមគ្រួសាររបស់លោកស្រី ខណៈលោកស្រីកំពុងជួបទុក្ខធ្ងន់ធ្ងរបំផុតត្រូវប្តីស្លាប់ចោលដោយសារតែជំងឺកូវីដ១៩ ហើយលោកស្រីផ្ទាល់ក៏មានជំងឺប្រចាំកាយទើបតែធ្វើការវះកាត់រួច។ ថ្លែងប្រាប់ក្រុមការងារអង្គភាពសារព័ត៌មានNP NEWS តាមរយៈទូរស័ព្ទនៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១នេះ អ្នកស្រី វេង សុម៉ាលី បានបញ្ជាក់ថា កន្លងទៅគ្រួសាររបស់អ្នកស្រីផ្ទាល់គឺត្រូវពឹងផ្អែកទាំងស្រុងទៅលើប្តីរបស់អ្នកស្រីដើម្បីរកប្រាក់ចិញឹមគ្រួសារដែលមានកូនក្នុងបន្ទុកចំនួន៤នាក់ រួមទាំងអ្នកស្រីដែលកំពុងមានជំងឺប្រចាំកាយផង។តែឥលូវគ្មានអ្វីត្រូវពឹងតទៅទៀតបាននោះទេ ព្រោះប្តីត្រូវស្លាប់ចោលដោយសារជំងឺកាចសាហាវកូវីដ១៩។
អ្នកស្រី វេង សុម៉ាលី បន្ថែមថា ពាក់ព័ន្ធស្ថានភាពសុខភាពប្តីរបស់អ្នកស្រីមុនពេលទទួលមរណភាព គឺប្តី របស់អ្នកស្រីហាក់មានសុខភាពចុះខ្សោយខ្លាំង បណ្តាលមកពីធ្វើការច្រើន ធ្វើឱ្យអត់ងងុយ ហូបមិនសូវទៀតទាត់ ហើយនៅពេលដែលឆ្លងជំងឺកូវីដ១៩ចូលក្នុងខ្លួនភ្លាមនោះ កាន់តែធ្វើឱ្យស្ថានភាពសុខភាពប្តីរបស់អ្នកស្រីធ្ងន់ធ្ងរឡើងៗ ។ អ្នកស្រី វេង សុម៉ាលី ថាអ្នកស្រីហាក់អស់សង្ឍឹមខ្លាំង ក្រោយដឹងថា ប្តីរបស់អ្នកស្រីត្រូវបានបញ្ចូលបន្តទៅកាន់មន្ទីពេទ្យរុស្សី។ អ្នកស្រី វេង សុម៉ាលី បន្ថែមទៀតថា ពេលនេះសម្រាប់ស្ថានភាពសុខភាពរបស់អ្នកស្រីនិងកូន៤នាក់ទៀត គឺមានសុខភាពធម្មតា ហើយកំពុងចាំលទ្ធផលតេស្តពីក្រុមការងារក្រសួងសុខាភិបាលជាលើកទី២។
សូមបញ្ជាក់បន្ថែមផងដែរថា ក្រៅពីការប្រកាសសុំអំពាវនាវសុំឱ្យសប្បុរសជនជួយ អ្នកស្រី វេង សុម៉ាលី ក៏បានផ្តាំផ្ញើរដល់ប្រជាពលរដ្ឋកម្ពុជាទាំងអស់ ត្រូវថែរក្សាសុខភាព ប្រុងប្រយ័ត្នឱ្យបានខ្ពស់បំផុត ពីជំងឺកាចសាហាកូវីដ១៩ ត្រូវស្តាប់តាមការណែនាំរបស់រាជរដ្ឋាភិបាល និងវិធានការរបស់ក្រសួងសុខាភិបាល កុំឱ្យកើតមានវិប្បដិសារីដូចគ្រួសាររបស់អ្នកស្រី។
សូមបញ្ជាក់ថា នៅព្រឹកអាទិត្យនេះ ថា កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២១ ក្រសួងសុខាភិបាលកម្ពុជា បានរកឃើញករណីវិជ្ជមានថ្មីជំងឺកូវីដ-១៩ចំនួន៤១នាក់។ ក្នុងនោះ ក៏មានអ្នកជំងឺកូវីដ-១៩ថ្មីចំនួន២៤នាក់ ត្រូវបានព្យាបាលឲ្យជាសះស្បើយផងដែរ៕