ភ្នំពេញ ៖ លោក W. Patrick Murphy ឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំកម្ពុជា បានបង្ហាញក្ដីកង្វល់ជាខ្លាំង អំពីការកាត់ទោសដាក់ពន្ធនាគារនូវសកម្មជនបរិស្ថានមួយចំនួន ហើយអំពាវនាវឱ្យមានការដោះលែង ផងដែរ។ យោងតាមគេហទំព័រហ្វេសប៊ុក ស្ថានទូតអាមេរិក ប្រចាំកម្ពុជា ។

ក្នុងជំនួបពិភាក្សាការងារជាមួយ សម្ដេច ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នាថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២១ លោក W. Patrick Murphy បានលើកឡើងពីការប្តេជ្ញាចិត្តសហរដ្ឋអាមេរិក ក្នុងការធ្វើការជាមួយភាគីពាក់ព័ន្ធកម្ពុជា ដើម្បីប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្ស។ ការជួញដូរមនុស្ស ប៉ះពាល់ដល់ប្រជាជននៅគ្រប់ប្រទេសលើផែនដីនេះ ហើយសហរដ្ឋអាមេរិក ជំរុញនូវកិច្ចខិតខំយ៉ាងខ្លាំងថែមទៀត នៅប្រទេសកម្ពុជា ក្នុងការកាត់ទោសអ្នកជួញដូរ ការពារជនរងគ្រោះ និងបង្ការកុំឱ្យមានឧក្រិដ្ឋកម្មជួញដូរមនុស្ស។

លោកឯកអគ្គរដ្ឋទូត បញ្ជាក់ថា «បង្ហាញនូវកង្វល់ជាខ្លាំង ជូនចំពោះលោករដ្ឋមន្ត្រី អំពីការកាត់ទោសដាក់ពន្ធនាគារ នូវសកម្មជនបរិស្ថានមួយចំនួន យើងអំពាវនាវឱ្យមានការដោះលែង។ សេរីភាពបញ្ចេញមតិ គឺជាសិទ្ធិមនុស្សជាមូលដ្ឋាន ដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញកម្ពុជា។ ការហ៊ាននិយាយដើម្បីការពារបរិស្ថាន ដែលប្រឈមនឹងការគំរាមកំហែង ដោយសារការកាប់ឈើខុសច្បាប់ និងកេងយកប្រយោជន៍ពាណិជ្ជកម្ម គឺជារឿងគួរឱ្យសរសើរទៅវិញទេ»។

លោក បន្ថែមថា ការគោរពនូវសិទ្ធិសេរីភាពជាមូលដ្ឋាន អាចជួយធានានូវអនាគតមួយដែលប្រកបដោយសុខសន្តិភាព វិបុលភាព មានអធិបតេយ្យ និងប្រជាធិបតេយ្យ សម្រាប់ប្រទេសកម្ពុជា៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ