ភ្នំពេញ ៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការនៃក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជាកំពុងតែគិតគូរចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនក្រុមមនុស្សក្រោមអាយុ១៨ឆ្នាំ និងចាក់វ៉ាក់សាំងដូសទី៣ ខណៈរាជរដ្ឋាភិបាលក៏បានប្ដេជ្ញាបញ្ចប់ការចាក់វ៉ាក់សាំងគ្រប់គោលដៅ១០លាននាក់ នៅត្រឹមចុងខែតុលា ឬដើមខែវិច្ឆិកា ឆ្នាំ២០២១ ខាងមុខ ។

ក្នុងពិធីប្រកាសបិទយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌរាជធានីភ្នំពេញ នារសៀលថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២១ លោក ឱ វណ្ណឌីន បានឲ្យដឹងថា ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនប្រជាពលរដ្ឋ១០លាននាក់នឹងបិទបញ្ចប់ត្រឹមខែតុលា ឬវិច្ឆិកា ឆ្នាំ២០២១ ក្រោយពីប្រជាពលរដ្ឋនាំគ្នាសម្រុកចាក់វ៉ាក់សាំង ដោយឥតគិតថ្លៃ ។ ក្នុងការបញ្ចប់យុទ្ធនាការចាក់វ៉ាក់សាំងនៅភ្នំពេញនេះ បានចាក់ទៅលើពលរដ្ឋគ្រប់ការកំណត់ជាង ១,៧លាននាក់។

លោកស្រីថា តាមផែនការចាក់វ៉ាក់សាំងឲ្យបាន១០លាននាក់ គ្រោងបញ្ចប់ពាក់កណ្ដាល ឆ្នាំ២០២២ ខាងមុខ ប៉ុន្តែផែនការវ៉ាក់សាំងនេះបានរួចមុនការកំណត់រយៈពេល៨ខែ។ លោកស្រីបន្តថា ទោះបីប្រជាពលរដ្ឋចាក់វ៉ាក់សាំងរួចក៏ដោយ ក៏ត្រូវការពារខ្លួន ដោយអនុវត្តតាមវិធានការ ៣ការពារ និង៣កុំ។

លោកស្រីបញ្ជាក់ថា «គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩នេះដែលមានគណៈកម្មាធិការដឹកនាំដោយឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គាត់កំពុងតែគិតដឹកនាំដើម្បីពិភាក្សាគ្នាបន្ដទៀត ក្នុងការគិតគូរទៅលើក្រុមមនុស្ស អាយុក្រោយ១៨ឆ្នាំចុះ ហើយទន្ទឹមនឹងនោះ យើងក៏គិតគូរ តើយើងគួរតែមានការចាក់នូវដូសទី៣ ឬយើងក៏ត្រូវការ ចាក់ដូសរំលឹកឡើងវិញ»។

លោកស្រី បញ្ជាក់ទៀត ថា ព្រោះនៅប្រទេសខ្លះដែលមានលទ្ធភាពផលិតវ៉ាក់សាំងខ្លួនឯង ក៏បានគិតគូរដល់ការចាក់ដូសទី៣ដែរ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ