ក្រសួងសុខាភិបាលកម្ពុជា ច្រានចោលការចុះផ្សាយថា វីរុសកូវីដ-១៩ បំប្លែងខ្លួន ប្រភេទអាល់ហ្វាឆ្លងពីកម្ពុជាទៅថៃ
ភ្នំពេញ ៖ លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២១នេះ បានច្រានចោលចំពោះការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍ថា វីរុសកូវីដ១៩ប្រភេទថ្មីឈ្មោះ អាល់ហ្វា ឆ្លងពីប្រទេសកម្ពុជាទៅកាន់ប្រទេសថៃ។
លោកស្រី ឱ វណ្ណឌីន បានបញ្ជាក់តាមបណ្តាញតេឡេក្រាមថា៖ «ប្រទេសកម្ពុជា ទទួលរងការឆ្លងវីរុសនេះ ដោយរកឃេីញលេីអ្នកដំណេីរចូលមកកម្ពុជា ជាពិសេសគឺពលករវិលត្រឡប់មកពីប្រទេសថៃនេះតែម្តង។ ថៃមានការផ្ទុះឡេីងនូវជំងឺកូវីដ-១៩ រួចមកពលករក៏បានធ្វេីដំណេីរជាបន្តបន្ទាប់វិលត្រឡប់មកពីប្រទេសថៃ ចូលមកកម្ពុជា រហូតដល់បច្ចុប្បន្ននេះ»។
លោកស្រីបានបន្ថែមថា «យេីងមិនត្រូវចោទប្រកាន់ថាមកពីខាងណាៗនោះឡេីយ សំខាន់ចរាចររបស់វីរុសកូវីដ-១៩នេះ គឺទៅ មកៗ ដោយទូលំទូលាយ ដោយគ្មានប៉ាស្ព័រ និងគ្មានព្រំដែនទេ ហេីយយេីងត្រូវរួបរួមគ្នាទប់ស្កាត់ការចម្លងទៅមកនេះ ជាពិសេសពីបុគ្គលម្នាក់ទៅម្នាក់ កុំឱ្យការចម្លងនេះ មានដំណេីរឆ្ពោះទៅរកហួសបន្ទាត់ក្រហមឱ្យសោះ»។
យ៉ាងណាក៏ដោយ លោកស្រីសំណូមពរឱ្យបុគ្គលគ្រប់រូប ចាប់ផ្តេីមធ្វេីសកម្មភាពការពារខ្លួនរៀងៗខ្លួន ហេីយបុគ្គលវ័យកណ្តាល និងយុវវ័យ មិនត្រូវនាំវីរុសកូវីដ-១៩ ចូលផ្ទះ ចម្លងដល់ក្រុមគ្រួសារ ឪពុកម្តាយ ឬជីដូនជីតារបស់ខ្លួននោះឡេីយ។
លោកស្រីលើកឡើងថា៖ ១គ្រប់គ្នាត្រូវធ្វេីសកម្មភាពការពារការចម្លងវីរុសនេះ រៀងៗខ្លួនឥឡូវនេះ ទេីបយេីងអាចទប់មិនឱ្យការចម្លងក្លាយទៅជាការឆ្លងទ្រង់ទ្រាយធំ ក្នុងសហគមន៍ ដែលនឹងបង្កការលំបាកខ្លាំងមែនទែនដល់យេីងទាំងអស់គ្នា ។ សុខចិត្តលំបាកនៅពេលនេះក្នុងរយ:ពេលខ្លី ជាជាងលំបាកនៅពេលក្រោយក្នុងរយ:ពេលយូរពេក ហេីយសុខចិត្តលំបាកក្នុងពេលខ្លី ដេីម្បីផលចំណេញក្នុងរយ:ពេលយូរ»។
សូមបញ្ជាក់ថា អាល់ហ្វា (Alpha) គឺជាវីរុបំប្លែងខ្លួនថ្មីប្រភេទ (B.1.1.7) ដែលមានប្រភពមកពីចក្រភពអង់គ្លេស ដែលត្រូវបានដាក់ឈ្មោះដោយអង្គការសុខភាពពិភពលោក៕