ភ្នំពេញ ៖ ចំពោះមុខក្រុមប្រឹក្សាធុរកិច្ច សហរដ្ឋអាមេរិក-អាស៊ាន សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋ មន្ដ្រីនៃកម្ពុជា មានក្ដីសង្ឃឹមថា ច្បាប់ និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី កម្ពុជា-ចិន នឹងដើរតួជាកត្តា សំខាន់មួយជួយធ្វើឲ្យកម្ពុជាក្លាយជាគោលដៅ សម្រាប់ក្រុមហ៊ុនអាមេរិក ដែលកំពុងរកទីតាំងផលិតកម្ម ថ្មី។

ក្នុងជំនួបពិភាក្សាការងារជាមួយ ក្រុមប្រឹក្សាធុរកិច្ច អាមេរិក-អាស៊ាន តាមរយៈប្រព័ន្ធវីដេអូ នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០ សម្ដេចតេជោ ហ៊ុន សែន ប្រាប់គណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ច អាមេរិក-អាស៊ាន ថា ទោះបីជាជំងឺរាតត្បាតកូវីដ-១៩ បាននិងកំពុងបង្កការលំបាកជាច្រើន ដល់កិច្ចដំណើរការនៃជីវិត សង្គម និងសេដ្ឋកិច្ច ក៏ប៉ុន្តែរាជរដ្ឋាភិបាលកម្ពុជា មិនបន្ថយល្បឿននៃការងារកំណែទម្រង់ នៅក្នុងគ្រប់ វិស័យរបស់ខ្លួននោះទេ។

សម្ដេចតេជោ បន្ដថា ដើម្បីទាក់ទាញវិនិយោគិនបន្ថែម ជាពិសេស នៅពេលជំងឺកូវីដ-១៩ មានភាពធូរស្រាលនោះ កម្ពុជាកំពុងរៀបចំកែលម្អច្បាប់វិនិយោគ និងប្រព័ន្ធលើកទឹកចិត្តថ្មី ដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយ និង មានភាពទាក់ទាញសម្រាប់ឧស្សាហកម្មប្រភេទអេឡិចត្រូនិក, បង្គុំ, កសិ-ឧស្សាហកម្ម, គ្រឿងបន្លាស់, ឧស្សាហកម្មគាំទ្រ និង ឧស្សាហកម្មផ្សេងទៀត។ សម្ដេចថា ទន្ទឹមនេះដែរ កម្ពុជានឹងចុះកិច្ចព្រះព្រមព្រៀងពាណិជ្ជកម្មសេរី កម្ពុជា-ចិន ក្នុងពេលឆាប់ៗនេះ។

សម្ដេចតេជោ មានប្រសាសន៍ថា «ខ្ញុំសង្ឃឹមថា ច្បាប់ និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន នឹងដើរតួជាកត្តាដ៏សំខាន់មួយជួយធ្វើឱ្យកម្ពុជាក្លាយជាគោលដៅ សម្រាប់ក្រុមហ៊ុនអាម៉េរិក ដែលកំពុងរកទីតាំងផលិតកម្មថ្មី នៅតំបន់អាស៊ីអាគ្នេយ៍»។ 

ឆ្លៀតឱកាសនោះ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា រាជរដ្ឋាភិបាលក៏បានដាក់ចេញជាបន្តបន្ទាប់នូវវិធានការ កែទម្រង់មុតស្រួចនានា សំដៅដោះស្រាយបញ្ហាប្រឈមសំខាន់ៗ ដែលបណ្ដាវិនិយោគិន និងធុរជន កំពុងជួបប្រទះ ក្នុង គោលបំណងបង្កើនភាពប្រកួតប្រជែងរបស់កម្ពុជា តាមរយៈការបង្កភាពងាយស្រួល និងការបង្កើត បរិយាកាសអំណោយផលដល់ការធ្វើអាជីវកម្ម និង ការវិនិយោគនៅក្នុងប្រទេស។

សម្ដេចតេជោ បន្ថែមថា ជាទិសដៅទៅមុខ កម្ពុជានឹងដាក់ឱ្យអនុវត្តនូវវិធានការអន្តរាគមន៍សមស្រប និងទាន់ពេល គួបផ្សំនឹងការគិតគូរជាយុទ្ធសាស្ត្រ តាមរយៈការដាក់ចេញនូវគោលនយោបាយហិរញ្ញវត្ថុសាធារណៈ, គោលនយោបាយរូបិយវត្ថុ និងវិធានការកែទម្រង់រចនាសម្ព័ន្ធ សំដៅសម្រេចឱ្យបាននូវគោលបំណងជាអាទិភាពចំនួន២ រួមមាន៖ ការរក្សាលំនឹងសេដ្ឋកិច្ច និង សង្គម និងការជំរុញកំណើនសេដ្ឋកិច្ចឡើងវិញ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ