ក្រសួងសុខាភិបាល ៖ ជំហានបន្ទាប់នៃការដាក់អ្នកជំងឺកូវីដ-១៩ កម្រិតស្រាលនៅតាមផ្ទះ នឹងអនុញ្ញាតឱ្យដំណើរការ ក្នុងខេត្តកណ្តាល
ភ្នំពេញ ៖ លោក ង៉ូវ កាង រដ្ឋលេខាធិការក្រសួងសុខាបាល បានឱ្យដឹងថា ជំហានបន្ទាប់នៃការដាក់ឱ្យអ្នកជំងឺកូវីដ ១៩ កម្រិតស្រាលព្យាបាលនៅតាមផ្ទះគឺនឹងអនុញ្ញាតឱ្យដំណើរការនៅក្នុងខេត្តកណ្តាលដោយផ្អែកលើការចាំបាច់ បន្ទាប់ពីចាប់ផ្ដើមដំបូងនៅក្នុងរាជធានីភ្នំពេញ។
ក្នុងសន្និសីទសារព័ត៌មាននាព្រឹកថ្ងៃទី ១២ ខែកក្កដានេះ ទាក់ទងនឹងការផ្សព្វផ្សាយពីនីតិវិធី និងយន្តការនៃការដាក់ព្យាបាលតាមផ្ទះចំពោះអ្នកជំងឺកូវីដ ១៩ កម្រិតស្រាលនិងគ្មានរោគសញ្ញាសម្រាប់ភូមិសាស្ត្ររាជធានីភ្នំពេញ លោក ង៉ូវ កាង បានថ្លែងថា ផែនការនៃការដាក់អ្នកជំងឺកូវីដ ១៩ កម្រិតស្រាលឱ្យព្យាបាលតាមផ្ទះ នៅតាមបណ្តាខេត្តមួយចំនួនធ្វើឡើងក្នុងករណីដែលចាំបាច់។
លោក បញ្ជាក់ថា «លោករដ្ឋមន្ត្រីក្រសួងសុខាភិបាល នឹងពិភាក្សាជាមួយនឹងអភិបាលខេត្ត ដែលមានតម្រូវការថា ក្នុងខេត្តរបស់គាត់មានតម្រូវការចាំបាច់ ហើយក្នុងការដាក់ការព្យាបាលនៅតាមផ្ទះ ដោយមូលហេតុមណ្ឌលព្យាបាលដល់កម្រិតមួយ សម្រាប់ត្រៀមទុកឱ្យអ្នកជំងឺកម្រិតធ្ងន់និងមធ្យមដោយទុកអ្នកជំងឺកម្រិតស្រាលសម្រាប់ព្យាបាលតាមផ្ទះ»។
លោក បន្ដថា នៅក្នុងពេលឆាប់ៗខាងមុខនេះ ក្រសួងនឹងអនុញ្ញាតឱ្យមានការដាក់អ្នកជំងឺកូវីដ- ១៩ កម្រិតស្រាលនៅតាមផ្ទះនៅខេត្តកណ្តាល ឬខេត្ត ដែលមានចំនួនអ្នកជំងឺច្រើននិងមានការចាំបាច់។
លោក បញ្ជាក់ទៀតថា «តាមការណែនាំរបស់រដ្ឋមន្ត្រីក្រសួងសុខាភិបាល ម៉ម ប៊ុនហេង នាពេលថ្មីៗនេះ លោកបានលើកឡើងថា ជំហានបន្ទាប់នៃការដាក់អ្នកជំងឺកូវីដ ១៩ នៅផ្ទះ គឺខេត្តកណ្តាលហើយខេត្តណាផ្សេងទៀត គឺអាចនឹងដាក់ឱ្យអនុវត្តដំណាលគ្នានឹងខេត្តកណ្តាលផងដែរ»។
លោក ង៉ូវ កាង ក៏បានលើកឡើងថា ប្រជាពលរដ្ឋ គឺជាកោតសិការមួយយ៉ាងសំខាន់ ក្នុងកាត់ផ្ដាច់នៃការឆ្លងរីករាលដាល ជំងឺកូវីដ-១៩ ក្នុងប្រទេស ដូច្នេះ មិនអាចដាក់បន្ទុក ទៅលើរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាលឡើយ ហើយត្រូវរួបរួម គ្នាប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ទាំងអស់គ្នា។
សូមជម្រាបថា គិតត្រឹមថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ៦១,៨៧០នាក់ ក្នុងនោះ អ្នកជាសះស្បើយ ចំនួន ៥៣,៤៧៧នាក់ និងស្លាប់ ចំនួន ៩២៥នាក់៕EB