ភ្នំពេញ ៖ លោក HATAEDA Mikio អគ្គនាយក ទទួលបន្ទុកនាយកដ្ឋានអាស៊ីអាគ្នេយ៍  និងប៉ាស៊ីហ្វិក ទីស្នាក់ការកណ្តាល នៃទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន បានសន្យាបង្កើនឥណទានសម្បទានទ្វេដង សម្រាប់មួយឆ្នាំៗ ដើម្បីឆ្លើយតបទៅនឹងតម្រូវការអភិវឌ្ឍន៍របស់ប្រទេសកម្ពុជា និងហិរញ្ញប្បទាន សហប្រតិបត្តិការនានាបន្ថែមទៀត ដើម្បីគាំទ្រសកម្មភាពអភិវឌ្ឍន៍ សេដ្ឋកិច្ច-សង្គម នៅកម្ពុជា។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

ក្នុងជំនួបពិភាក្សាការងារជាមួយ លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នាថ្ងៃទី២០ កក្កដា នៅទីស្ដីក្រសួង លោក HATAEDA Mikio បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ចំពោះចំណាត់ការ និងវិធានការនានា ដែលរាជរដ្ឋាភិបាល បានដាក់ចេញ ក្នុងការប្រយុទ្ធប្រឆាំងទៅនឹងនៃជំងឺកូវីដ-១៩ ។

លោក បានបញ្ជាក់ថា «សន្យាបង្កើនឥណទានសម្បទានទ្វេដង សម្រាប់មួយឆ្នាំៗ ដើម្បីឆ្លើយតបទៅនឹងតម្រូវការអភិវឌ្ឍន៍របស់ប្រទេសកម្ពុជា និងហិរញ្ញប្បទាន សហប្រតិបត្តិការនានាបន្ថែមទៀត ដើម្បីជួយគាំទ្រ ដល់សកម្មភាពអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមនៅកម្ពុជា»។

នាឱកាសនោះ ដែរ ភាគីទាំងពីរក៏បានពិភាក្សាផ្លាស់ប្ដូរយោបល់ និងបទពិសោធន៍ទៅវិញទៅមក លើគម្រោងមួយចំនួន ដែលកំពុងដំណើរការ និងបេក្ខភាពគម្រោងថ្មីៗតទៅមុខទៀត ក្នុងក្របខ័ណ្ឌឥណទានសម្បទានពីប្រទេសជប៉ុន (Japanese ODA Loan)។

ជាការឆ្លើយតបលោក អូន ព័ន្ធមុនីរ័ត្ន បានផ្ដល់អនុសាសន៍ និងសំណូមពរដល់ JICA ចំពោះបេក្ខភាពគម្រោងនីមួយៗ ដែលកំពុងស្ថិតក្នុងដំណាក់កាលសិក្សាសមិទ្ធិលទ្ធភាព គួរត្រូវបានគិតគូរ និងសូមបន្តយកចិត្តទុកដាក់ខ្ពស់ទៅលើប្រសិទ្ធភាព, ចីរភាព សំខាន់ការរួមបញ្ចូលគ្នារវាងទិសដៅអភិវឌ្ឍន៍វិស័យសេដ្ឋកិច្ច-សង្គម ឲ្យមានភាពប្រទាក់ក្រឡាជាមួយគោលនយោបាយ និងយុទ្ធសាស្រ្តពាក់ព័ន្ធ និងឆ្លើយតបផងដែរ ទៅនឹងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិរបស់កម្ពុជា៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ