នាយឧត្តមសេនីយ៍ នេត សាវឿន លើកទឹកចិត្តគ្រូបង្វឹក កីឡាករ-កីឡាការិនី បាល់ទះជម្រើសជាតិកម្ពុជា ត្រូវប្រឹងប្រែងអស់ពីសមត្ថភាព ដើម្បីដណ្តើមមេដាយជូនប្រទេសជាតិ
ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការដ្ឋាននគរបាលជាតិ និងជាប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា បានលើកទឹកចិត្តដល់គ្រូបង្វឹក ក្រុមកីឡាករ-កីឡាការិនី បាល់ទះជម្រើសជាតិកម្ពុជា ឱ្យខិតខំប្រឹងប្រែងអស់ពីសមត្ថភាព ដើម្បីដណ្តើមមេដាយជូនប្រទេសជាតិ។
នាឱកាសអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ គ្រូបង្វឹក ក្រុមកីឡាករ-កីឡាការិនី បាល់ទះជម្រើសជាតិកម្ពុជា មុនចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នារសៀលថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៣នេះ នាយឧត្តមសេនីយ៍ នេត សាវឿន មានប្រសាសន៍ថា «សូមលើកទឹកចិត្តដល់គ្រូបង្វឹក ក្រុមកីឡាករ-កីឡាការិនី បាល់ទះជម្រើសជាតិកម្ពុជា ឱ្យខិតខំប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីដណ្តើមមេដាយជូនប្រទេសជាតិ។ ទន្ទឹមនោះ គ្រូបង្វឹក និងសហព័ន្ធកីឡាបាល់ទះកម្ពុជា ត្រូវប្រឹងប្រែងស្វែងយល់ពីដៃគូប្រកួត និងការរៀបចំគម្រោងប្រយុទ្ធជាក់ស្តែងលើទីលាន»។
នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត បន្តថា កីឡាបាល់ទះ គឺលេងលក្ខណៈជាក្រុម ដូច្នេះហើយទាមទារឱ្យមានការឯកភាព សាមគ្គីគ្នា ជួយគ្នា និងយោគយល់គ្នា ហើយជៀសវាងដាច់ខាតបាក់ស្មារតី ហើយដើម្បីឱ្យក្រុមខ្លាំង និងជោគជ័យយើងត្រូវមានវិន័យ ស្តាប់ការដឹកនាំរបស់គ្រូ និងចេះស្តាប់យោបល់គ្នាទៅវិញទៅមក។
នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន ក៏បានជំរុញឱ្យក្រុមកីឡាករ-កីឡាការិនី ទាំងអស់ប្តេជ្ញាចិត្តប្រយុទ្ធឱ្យអស់ពីកម្លាំងកាយចិត្ត ជាពិសេសការប្តេជ្ញាចិត្តឱ្យអស់ចេញពីបេះដូង ហើយត្រូវចងចាំថា «ជំហាននេះ គឺជាឱកាសមាសរបស់យើង ហើយអាស៊ានទាំងមូលគេមើលយើង ប្រជាពលរដ្ឋ ១៧លាននាក់ គេកំពុងមើលយើង ដូច្នេះយើងតំណាងឱ្យជាតិ ត្រូវពលិកម្មគ្រប់បែបយ៉ាងដើម្បីជាតិ ពលិកម្មគ្រប់បែបយ៉ាងដើម្បីខ្លួនយើង គ្រួសារយើង សង្គមជាតិយើង នេះជារឿងមួយធំណាស់ បើយើងបានជោគជ័យ នោះកេរ្តិ៍ឈ្មោះរបស់យើងល្បីល្បាញធ្វើឱ្យពលរដ្ឋគោរពស្រឡាញ់ ជាពិសេសមោទនភាពរបស់ជាតិយើង»។
នាយឧត្តមសេនីយ៍ បន្តថា ៦៤ឆ្នាំហើយ ដែលកម្ពុជាមិនមានលទ្ធភាពធ្វើជាម្ចាស់ផ្ទះ ឥឡូវនេះជាមោទនភាពណាស់របស់ជាតិ របស់រាជរដ្ឋាភិបាល របស់ប្រជាពលរដ្ឋ ហើយដើម្បីធ្វើឱ្យល្អយើងត្រូវស្អាតបាត ញញឹមញញែម រួសរាយរាក់ទាក់ ស្វាហាប់ ក៏ប៉ុន្តែទន់ភ្លន់ ជៀសវាងការធ្វើអាកប្បកិរិយាណាមួយមិនសមរម្យទៅលើគូប្រកួត៕EB