ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ បានចេញសចក្ដីណែនាំស្ដីពី វិធានការប្រយុទ្ធប្រឆាំងជំងឺឆ្លងកូវីដ-១៩  ពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ។ 

ជាងនេះទៅទៀត ខ្លឹមសារនៃការណែនាំ របស់នាយឧត្តមសេនីយ៍ នេត សាវឿន មានចំនួន៥ចំណុច រួមមាន៖

ទី១-អនុញ្ញាតឲ្យគ្រប់អង្គភាព ចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិ រៀបចំឲ្យមានការផ្លាស់វេនមន្ត្រីប្រចាំការ ក្នុងអង្គភាពនីមួយៗ ដោយត្រូវធានារក្សានិន្តរភាពការងារប្រចាំថ្ងៃ។ 

ទី២-ត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួន នូវវិធានការការពារជំងឺកូវីដ-១៩ ៣ការពារ និង៣កុំ ពាក់ម៉ាស់ លាងដៃ ឬបាញ់អាល់កុល រក្សាគម្លាតសុវត្ថិភាពសង្គម និងសុវត្ថិភាពបុគ្គលឲ្យបានគ្រប់គ្នាគ្រប់ទីកន្លែង និងកុំនៅកន្លែងសាធារណៈបិទជិតគ្មានខ្យល់ចេញចូល កុំជួបជុំមនុស្សច្រើន កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា និងកុំឱបថើបគ្នា ជាដេីម។ 

ទី៣-ត្រូវផ្អាកជាបណ្តោះអាសន្ន នូវការរៀបចំកិច្ចប្រជុំ ការប្រារព្ធពិធី ការជួបសំណេះសំណាលនានាលើកលែងតែមានករណីចាំបាច់ ឬមានបទបញ្ជា។

ទី៤-ត្រូវតាមដាន ត្រួតពិនិត្យសុខភាពរបស់ខ្លួនជាប្រចាំ។ សម្រាប់កងកម្លាំងដែលមានអាការៈ ក្តៅខ្លួន ក្អក ផ្តាសាយ ឬមានការសង្ស័យណាមួយ ពាក់ព័ន្ធនឹងជំងឺកូវីដ-១៩ ពុំចាំបាច់មកបំពេញការងារនោះទេ និងត្រូវរាយការណ៍ទៅអង្គភាពរបស់ខ្លួន ហើយត្រូវប្រញាប់ទៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលនៅជិតបំផុត ។ 

និងទី៥-ផ្អាកការអនុញ្ញាតចេញ-ចូលបរិវេណ អគ្គស្នងការដ្ឋាននគរបាលជាតិ ជាបណ្ដោះអាសន្ន ចំពោះប្រជាពលរដ្ឋ ឬបុគ្គលដែលពុំមានភារកិច្ច ចាប់ពីពេលនេះ រហូតដល់មានការណែនាំថ្មី៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ