ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នាយប់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១នេះ បានអញ្ជើញទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ប្រភេទ អាស្ត្រាហ្សេនីកា (AstraZeneca) ដែលជាជំនួយរបស់រដ្ឋាភិបាលជប៉ុន នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។

វត្តមានរបស់ សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលដោយផ្ទាល់នូវវ៉ាក់សាំងជំនួយរបស់ប្រទេសជាមិត្ត នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នាយប់នេះ គឺជាការអញ្ជើញទទួលដោយផ្ទាល់ លើកទី២ហើយ ខណៈលើកទី១ ត្រូវបានធ្វើឡើង កាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២១។

ការអញ្ជើញទទួលវ៉ាក់សាំង នាយប់នេះ ដោយមានការចូលរួមពី លោក មីកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរដ្ឋទូតជប៉ុន ប្រចាំកម្ពុជា មន្ដ្រីរាជរដ្ឋាភិបាល ក្រសួងសុខាភិបាល និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត។

សូមជម្រាបជូនថា កាលពីថ្ងៃទី១៣ កក្កដា រដ្ឋាភិបាលជប៉ុន បានប្រកាសផ្តល់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ ប្រភេទ អាស្ត្រាហ្សេនីកា ចំនួន១លានដូស ជូនរាជរដ្ឋាភិបាលកម្ពុជា សម្រាប់ចាក់ជូនប្រជាពលរដ្ឋ។ ក្នុងចំណោម វ៉ាក់សាំង ចំនួន១លានដូសនោះ បានដឹកមកដល់កម្ពុជា នាយប់ថ្ងៃទី២៣ កក្កដា នេះ មានចំនួន៣៣ម៉ឺនដូស ហើយចំនួននៅសល់នឹងដឹកមកដល់កម្ពុជា ជាបន្តបន្ទាប់ទៀត។

រដ្ឋាភិបាលជប៉ុន ប្រកាសផ្ដល់ជំនួយវ៉ាក់សាំងនេះ ធ្វើឡើងស្របតាមចំណងមិត្តភាពរវាង ជប៉ុន-កម្ពុជា ដោយផ្អែកលើស្ថានភាពកូវីដ-១៩ នៅកម្ពុជានាពេលបច្ចុប្បន្ន។ ជំនួយនេះនឹងជួយគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងកូវីដ-១៩ ក៏ដូចជា កាត់បន្ថយការព្រួយបារម្មណ៍មួយចំនួនរបស់ប្រជាជនកម្ពុជា។ ការប្រឈមមុខនឹងការរីករាលដាលនៃមេរោគឆ្លងថ្មី ដែលពិភពលោកកំពុងជួបប្រទះនេះ ការចាក់វ៉ាក់សាំង និងការពង្រឹងប្រព័ន្ធសុខាភិបាល គឺជាកត្តាសំខាន់សម្រាប់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ