ភ្នំពេញ ៖ វ៉ាក់សាំងកូវីដ-១៩ ប្រភេទ Johnson & Johnson ដែលជាជំនួយរបស់រដ្ឋាភិបាលអាមេរិក តាមរយៈយន្ដការកូវ៉ាក់ (COVAX) បានដឹកមកដល់ប្រទេសកម្ពុជា នាព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ នេះហើយ។

វ៉ាក់សាំងកូវីដ-១៩នេះ គឺជាផ្នែកមួយនៃការគាំទ្រជាបន្តបន្ទាប់របស់អាមេរិក ចំពោះប្រជាជនកម្ពុជា និងនៅតំបន់ ក្នុងពេលដែលគេកំពុងតែប្រឹងងើបចេញ ពីជំងឺរាតត្បាតយ៉ាងធ្ងន់ធ្ងរនេះ។ ក្នុងឱកាសវ៉ាក់សាំងមកនេះ ដោយមានការទទួលពី ភារធារីស្ថានទូតអាមេរិក លោក Ben Wohlauer និងលោក  ម៉ម  ប៊ុនហេង  រដ្ឋមន្ត្រីក្រសួងសុខា ភិបាល  អង្គការសុខភាពពិភពលោក និងអង្គការ UNICEF និងអ្នកពាក់ព័ន្ធមួយចំនួនទៀត។

នាពេលថ្មីៗ រដ្ឋាភិបាលអាមេរិក បានប្រកាសផ្ដល់វ៉ាក់សាំង Johnson & Johnson ចំនួន១លានដូស ដល់ប្រទេសកម្ពុជា។ វ៉ាក់សាំងមកដល់កម្ពុជា នាព្រឹកថ្ងៃទី៣០ កក្កដា នេះ ចំនួន៥០ម៉ឺនដូស ដោយឡែកចំនួន ៥០ម៉ឺនដូសទៀត  នឹងមកជាបន្ដបន្ទាប់។

យោងតាមរបាយការណ៍របស់ ក្រសួងសុខាភិបាល បានឲ្យដឹងថា គិតត្រឹមថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ-១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេស ចំនួន ៧,១៣១,១៨៤នាក់។ ដោយឡែក លទ្ធផលចាក់វ៉ាក់សាំងគោលដៅ១០លាននាក់ បានចំនួន៧១.៣១% ហើយ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ