សម្តេចតេជោ ប្រាប់ទូតវៀតណាមថា ក្នុងកាលៈទេសៈនេះ ត្រូវរួមគ្នាគ្រប់គ្រងប្រយុទ្ធប្រឆាំងនឹងកូវីដ-១៩ តែកុំរារាំងដំណើរការពាណិជ្ជកម្មធម្មតា
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា នាថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២១ មានប្រសាសន៍ ប្រាប់ទៅកាន់ ឯកអគ្គរដ្ឋទូតវៀតណាម ប្រចាំកម្ពុជា លោក វូ គ័ងមិញ (Vu Quang Minh) ថា ក្នុងកាលៈទេសៈនេះ អ្វីដែលគប្បីត្រូវធ្វើ គឺទី១.រួមគ្នាគ្រប់គ្រងប្រយុទ្ធប្រឆាំងនឹងកូវីដ១៩ តាមរយៈវិធានសុខាភិបាល តែធ្វើយ៉ាងណា កុំរារាំងដំណើរការពាណិជ្ជកម្មធម្មតា, ទី២. បន្តជំរុញកិច្ចសហប្រតិបត្តិការ លើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ, ទី៣. ពិនិត្យមើលវិស័យដទៃទៀត ដែលប្រទេសទាំងពីរ អាចជំរុញធ្វើការរួមគ្នាបាន។
ការលើកឡើងរបស់សម្តេចតេជោ បានធ្វើឡើង នៅក្នុងឱកាសអនុញ្ញាតឲ្យលោក ឯកអគ្គរដ្ឋទូត ចូលជួបជម្រាបលានៅវិមានសន្តិភាព ក្នុងឱកាសដែល លោកឯកអគ្គរដ្ឋទូត បានបញ្ចប់អាណត្តិការទូតនៅកម្ពុជា។
លោកឯកអគ្គរដ្ឋទូតវៀតណាម បានជម្រាបជូនសម្ដេចតេជោថា លោកពិតជាមានកិត្តិយសណាស់ ដែលបានមកបំពេញបេសកកម្មការទូត នៅព្រះរាជាណាចក្រកម្ពុជា ក្នុងរយៈពេល៣ឆ្នាំ៧ខែកន្លងមក។
លោកសង្កេតឃើញថា ទំនាក់ទំនងរវាងប្រទេសទាំងពីរ មានការរឹងមាំនិងមានការរីកចម្រើន។ ដោយឡែកវិស័យវិនិយោគ ពាណិជ្ជកម្ម ក៏មានការកើនឡើងផងដែរ។
សម្តេចតេជោ បានយល់ស្របជាមួយអ្វី ដែល លោក ឯកអគ្គរដ្ឋទូត បានលើកឡើង ហើយបានថ្លែងអំណរគុណជូន ចំពោះលោក ដែលបានប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត បំពេញបេសកកម្មការទូត នៅព្រះរាជាណាចក្រកម្ពុជា ធ្វើឲ្យទំនាក់ទំនងរវាងប្រទេសទាំងពីរ មានការរីកចំរើន និងកាន់តែរឹងមាំ៕EB