ភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) បានគ្រោងអនុវត្តការផ្ទេរមុខងារអប់រំចំនួន៣ រួមមាន៖ អប់រំកុមារតូច-អប់រំបឋមសិក្សា-អប់រំក្រៅប្រព័ន្ធ ទៅដល់ខេត្តទាំងអស់ នៅទូទាំងប្រទេសកម្ពុជា។

សម្ដេចក្រឡាហោម ស ខេង លើកឡើងបែបនេះ នាឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំលើកទី២១ របស់ គ.ជ.អ.ប កាលពីថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៣ កន្លងទៅ តាមរយៈប្រព័ន្ធវវីដេអូសន្និសីទជាច្រើនរូបទៀតផងដែរ។

ជាកិច្ចចាប់ផ្ដើម សម្ដេចក្រឡាហោម ស ខេង បានតម្លៃខ្ពស់ចំពោះសមាជិក សមាជិកា ដែលបានគាំទ្រ និងចូលរួមក្នុងកិច្ចដំណើរការកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ជាពិសេសលើកាងារការគ្រប់គ្រង ការចាត់ចែង និងការអនុវត្តមុខងារក្នុងវិស័យអប់រំ ដែលបានផ្ទេរទៅឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌ ព្រមទាំងបានគូសបញ្ជាក់ដែរថា ផ្អែកលើការសម្រេច និងឯកភាពគ្នាក្នុងកិច្ចប្រជុំនាពេលកន្លងមករបស់ គ.ជ.អ.ប. កាលពីខែធ្នូ ឆ្នាំ២០២២មក គ.ជ.អ.ប. បានបំពេញភារកិច្ចទទួលបានលទ្ធផលយ៉ាងច្រើន ព្រមទាំងបានសម្រេច និងដាក់ឱ្យអនុវត្តផ្លូវការ នូវផែនការសកម្មភាព និងថវិកាឆ្នាំ២០២៣របស់ គ.ជ.អ.ប ផងដែរ។

សម្តេចក្រឡាហោម ស ខេង មានប្រសាសន៍បន្តថា វិស័យអប់រំជាវិស័យអទិភាពមួយក្នុងចំណោមវិស័យអទិភាព ដែលបានរៀបចំផ្ទេរការគ្រប់គ្រងទៅកាន់រដ្ឋបាល រាជធានី ខេត្ត ក្រុង ស្រុក ដោយបានតម្រូវឱ្យផ្ទេរមុខងារចាប់ពីឆ្នាំ២០១៦ ក្រោមការសម្របសម្រួលរបស់ គ.ជ.អ.ប ដោយផ្អែកតាមសំណើររបស់ក្រសួងអប់រំ យុវជន និងកីឡា ក្នុងនោះរាជរដ្ឋាភិបាលបានសម្រេចដាក់ចេញអនុក្រឹត្យស្តីពីការប្រគល់មុខងារអប់រំចំនួន៣ គឺការអប់រំកុមារតូច ការអប់រំបឋមសិក្សា និងការអប់រំក្រៅប្រព័ន្ធទៅឱ្យរដ្ឋបាលក្រុង ស្រុក ក្នុងខេត្តបាត់ដំបងដើម្បីជាគំរូ និងបទពិសោធន៍មុននឹងបន្តអនុវត្តទៅរាជធានីខេត្ត ស្រុក ខណ្ឌដទៃទៀតទូទាំងប្រទេស។

ជាមួយគ្នានោះ សម្តេចក្រឡាហោម ស ខេង ក៏បានស្នើឱ្យលេខាធិការដ្ឋាន គ.ជ.អ.ប ធ្វើការសិក្សា និងធ្វើការវាយតម្លៃ ដើម្បីពិនិត្យតាមដានការអនុវត្តការផ្ទេរមុខងារនេះ ក្នុងគោលបំណងដោះស្រាយបញ្ហាប្រឈមនានា ធ្វើយ៉ាងណាលើកកម្ពស់ប្រសិទ្ធភាពការងារ ដើម្បីអនុវត្តការផ្ទេរមុខងារទៅដល់ខេត្តនានាទូទាំងប្រទេសឱ្យកាន់តែល្អប្រសើរបន្ថែមទៀត។

លោក ចាន់ សុធា អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប ធ្វើសេចក្ដីរាយការណ៍សង្ខេបពីលទ្ធផលនៃការសិក្សាវាយតម្លៃមុខងារវិស័យអប់រំដែលបានផ្ទេរទៅឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌនាពេលកន្លងមក ជូនអង្គប្រជុំទាំងមូល។

ជាថ្មីម្តងទៀត ក្រោយពិនិត្យចំពោះរបាយការណ៍នៃការវាយតម្លៃចំពោះការផ្ទេរការងារគ្រប់គ្រង ការចាត់ចែង និងការអនុវត្តមុខងារក្នុងវិស័យអប់រំ ដែលទៅឱ្យរដ្ឋបាលក្រុង ស្រុក ហើយនោះ សម្តេចក្រឡាហោម គ្រោងនឹងអនុវត្តការផ្ទេរមុខងារអប់រំចំនួន៣ គឺការអប់រំកុមារតូច ការអប់រំបឋមសិក្សា និងការអប់រំក្រៅប្រព័ន្ធដល់ខេត្តទាំងអស់នៅទូទាំងព្រះរាជាណចក្រកម្ពុជា ព្រមជាមួយគ្នានោះ សម្ដេចក្រឡាហោម ស ខេង នឹងធ្វើសេចក្តីរាយការណ៍ជម្រាបជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីធ្វើការពិនិត្យ និងសម្រេចផងដែរ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ