ភ្នំពេញ ៖ លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានថ្លែងថា នាពេលបច្ចុប្បន្ននេះ ប្រទេសកម្ពុជា មិនទាន់ខ្វះអុកស៊ីសែន សម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩ឡើយ គឺមានគ្រប់គ្រាន់ដើម្បីព្យាបាលអ្នកជំងឺកូវីដ។
លោកស្រី រដ្ឋលេខាធិការ លើកឡើងបែបនេះ បន្ទាប់ពីមានប្រជាពលរដ្ឋមួយចំនួន និយាយថា ដោយសារ ខ្វះអុកស៊ីសែន សម្រាប់ព្យាបាល អ្នកកើតជំងឺកូវីដ-១៩ ទើបក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ កម្ពុជាមានអ្នកស្លាប់ដោយជំងឺកូវីដកើនឡើងជាបន្តបន្ទាប់។
ក្នុងពិធីទទួលវ៉ាក់សាំង ១លានដូស នាថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២១ លោកស្រី យក់ សម្បត្តិ បានបញ្ជាក់ថា «យើងអត់ទា ន់មានការខ្វះអុកស៊ីសែនទេ ចឹងរាជរដ្ឋាភិបាល និងអនុគណៈកម្មាធិការទាំងអស់ ជាពិសេស អ្នកពាក់ព័ន្ធទាំងអស់ កំពុងប្រយុទ្ធប្រឆាំងជំងឺកូវីដទូទាំងប្រទេស ទាំងរាជធានីភ្នំពេញ ទាំងបណ្ដាខេត្ត យើងមិនទាន់មានការខ្វះខាត អុកស៊ីសែនទេ»។
លោកស្រី បន្ដថា អ្នកពាក់ព័ន្ធទាំងអស់កំពុងតែរួបរួមគ្នា ទប់ស្កាត់ការឆ្លង និងអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ជាពិសេស ក៏បន្ដទប់ស្កាត់ការនាំចូលជំងឺកូវីដ-១៩ ពីប្រទេសជិតខាង។
ឆ្លៀតឱកាសនោះ លោកស្រីរដ្ឋលេខាធិការ ក៏បានលើកឡើងថា កម្ពុជាមិនខ្វះវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ឡើយ ហើយវ៉ាក់សាំងនឹងមកដល់កម្ពុជា ជាបន្ដបន្ទាប់ នាពេលខាងមុខនេះ សម្រាប់ចាក់ប្រជាពលរដ្ឋដោយ ឥតគិតថ្លៃ។ ដោយឡែក ការព្យាបាលអ្នកជំងឺកូវីដ-១៩ នៅតាមផ្ទះវិញ ក៏កំពុងដាក់ដំណើរ ដោយមានការឯកភាព ពីរាជរដ្ឋាភិបាល កម្ពុជា។
សូមជម្រាបថា គិតត្រឹមថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ៥៦,១២២នាក់ ក្នុងនោះ អ្នកជាសះស្បើយ ចំនួន ៤៨,០៤០នាក់ និងស្លាប់ ចំនួន ៧៧៩នាក់៕EB