ភ្នំពេញ ៖ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាលកម្ពុជា បានបញ្ជាក់ច្បាស់ៗ ដើម្បីកុំឲ្យមានការយល់ច្រឡំទៀតថា វិរុសកូវីដ-១៩ បំប្លែងថ្មី B.1.617.2 (Delta) មិនឆ្លងតាមខ្យល់នោះទេ ។

ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ នៅលើបណ្ដញសង្គមហ្វេសប៊ុក បាននាំគ្នាចែករំលែកនូវសារមួយតៗគ្នាថា វីរុសកូវីដ-១៩ ប្រភេទបំប្លែងថ្មី Delta អាចឆ្លងតាមខ្យល់ ។

ជាបន្តលោកស្រីបានពន្យល់ យ៉ាងក្បោះក្បាយថា វីរុសកូវីដ-១៩ ប្រភេទណាក៏ដោយ ការចម្លងនេះ មិនខុសគ្នានោះទេ ការចម្លងស្ថិតក្នុងរបៀបតែមួយ តាមរយៈដំណក់ទឹកមាត់តូចៗ ទោះបីជាប្រភេទ Alpha Beta Gama ឬ Delta នេះក្ដី ។ ការចម្លងគឺនៅពេលបុគ្គល ដែលផ្ទុកវីរុសកូវីដ និយាយ ឬក្អក កណ្ដាស ដំណក់ទឹកមាត់តូចៗនោះ នឹងខ្ទាតចេញមក ដូចនេះហើយទើបគេតម្រូវ ឲ្យត្រូវរក្សាគម្លាតយ៉ាង ហោចមួយម៉ែត្រកន្លះពីគ្នា ។

លោកស្រីបន្តថា មួយវិញទៀតការ សិក្សាស្រាវជ្រាវកន្លងទៅ ដំណក់ទឹកមាត់តូចៗ ដែលមិនមានទម្ងន់ធ្ងន់ វាអាចអណ្ដែត នៅក្នុងលំហ មិនមែនក្នុងខ្យល់ទេ គឺនៅកន្លែងដែលបិទជិត មិនមាន ខ្យល់ចេញ-ចូល ដូច្នេះនៅពេលដែលបុគ្គលដើរចូលទៅ ហើយប្រសិនបើមិន មានពាក់ម៉ាសទៀតនោះ វីរុសទាំងនោះ អាចឆ្លងនៅពេលដែលដកដង្ហើមចូល ។ ម្យ៉ាងទៀត ប្រសិនបើដំណក់ទឹកមាត់នោះ មានទម្ងន់ធ្ងន់ វានឹងធ្លាក់ទៅប៉ះ នឹងផ្ទៃអ្វីមួយ នៅក្នុងកន្លែងដែលបិទជិត កន្លែងម៉ាស៊ីនត្រជាក់ជាដើម នៅពេល ដែលបុគ្គលដើរចូលទៅ ហើយទៅប៉ះពាល់នឹងផ្ទៃ ដែលមានដំណក់ទឹកមាត់តូចៗ នោះនាំឲ្យមានការចម្លង ។

លោកស្រីវេជ្ជបណ្ឌិតថា “ដូច្នេះហើយទើបគេតម្រូវឲ្យ ឧស្សាហ៍លាងដៃ មុននឹងប៉ះពាល់មុខ ឬហូបចំណីអាហារ ។ ដូច្នេះមានន័យថា ការចម្លងវីរុសកូវីដ ប្រភេទណាក៏ដោយ គឺស្ថិតក្នុងរបៀប តែមួយតាម រយៈដំណក់ទឹកមាត់នេះ ។ វីរុសកូវីដ-១៩ មិនមែននៅក្នុងខ្យល់ អាកាសនៅខាងក្រៅនោះទេ សូមកុំយល់ច្រឡំឱ្យសោះ» ។

សូមបញ្ជាក់ថា នៅថ្ងៃ៣ សីហា ក្រសួងសុខាភិបាល បន្តរកឃើញ កូវីដបំប្លែងថ្មី Delta ចំនួន៣៦ករណីទៀត ។ ក្នុងចំណោម៣៦ នាក់ថ្មីនេះ មានបុគ្គលិកសុខាភិបាល ៨នាក់ អ្នកភូមិក្នុងសហគមន៍ចំនួន ២៨នាក់ ។ ចាប់តាំងពីថ្ងៃ៣១ មីនា ដល់៣សីហានេះ កម្ពុជាបានរកឃើញ អ្នកមានវិជ្ជមានវីរុសកូវីដ១៩ប្រភេទ ដែលតា លើពលករត្រឡប់មកពីថៃ អ្នកដំណើរតាមយន្តហោះ បុគ្គលិកសុខាភិបាល និងអ្នកភូមិក្នុងសហគមន៍ ទាំងអស់២៦០នាក់ ៕EB

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ