ស្ថានបេសកកម្មអចិន្រ្តៃយ៍កម្ពុជា ៖ បទល្មើស គឺជាបទល្មើស ហើយសកម្មភាពខុសច្បាប់ មិនអាចត្រូវប្រើប្រាស់ ជាទទ្ប្ហីករណ៍ សម្រាប់បុព្វហេតុផ្សេងណាមួយទ្បើយ
ភ្នំពេញ ៖ ស្ថានបេសកកម្មអចិន្រ្តៃយ៍កម្ពុជា នៅទីក្រុងហ្សឺណែវ បានធ្វើបដិសេធចោលទាំងស្រុង ចំពោះទស្សនៈផ្ទាល់ខ្លួន របស់លោកស្រីសាស្រ្តាចារ្យ Mary Lawlor អ្នករាយការណ៍ពិសេស ស្តីពីស្ថានភាពអ្នកការពារសិទ្ធិមនុស្ស ដែលបានថ្លែង កាលពីថ្ងៃទី៧ ឧសភា ពាក់ព័ន្ធនឹងការជំនុំជម្រះក្តី នៅកម្ពុជា។
យោងតាមសេចក្តីថ្លែងការណ៍ព័ត៌មានរបស់ ស្ថានបេសកកម្មអចិន្រ្តៃយ៍កម្ពុជា នាថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២១ ថា ដោយសារការអត្ថាធិប្បាយ របស់លោកស្រីសាស្រ្តាចារ្យ មានព័ត៌មានមិនពិត និងបង្កឱ្យមានការភ័ន្តច្រឡំ ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា បានផ្តល់ជូននូវការសង្កេតមួយចំនួន ដូចតទៅ៖
ទី១-កម្ពុជាផ្តល់តម្លៃចំពោះអង្គការក្រៅរដ្ឋាភិបាលដែលបានចុះបញ្ជីត្រឹមត្រូវ និងប្រតិបត្តិការនៅក្នុងព្រំដែននៃច្បាប់។
ទី២-លោកស្រីសាស្រ្តាចារ្យ ពុំដែលសង្កត់ធ្ងន់ទាល់តែសោះថា ការអនុវត្តសិទ្ធិសេរីភាពនៃការបញ្ចេញមតិ ការបង្កើតសមាគម និងការប្រមូលផ្តុំដោយសន្តិវិធី ត្រូវភ្ជាប់ទៅនឹងករណីកិច្ច ការទទួលខុសត្រូវ និងការកំហិតជាពិសេស ដែលកំណត់ដោយច្បាប់ ដូចមានចែងនៅក្នុងកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋនិងសិទ្ធិនយោបាយ។
ទី៣-តុលាការកម្ពុជាធ្វើការជំនុំជម្រះក្តី ដោយផ្អែកលើមូលដ្ឋាននីតិវិធីត្រឹមត្រូវ និងភស្តុតាងរឹងមាំជាក់ស្តែង ពុំមែនផ្អែកលើពាក្យចចាមអារ៉ាមនោះទ្បើយ។ ការពិតដែលមេធាវីការពារជនជាប់ចោទ តំណាងអង្គទូតបរទេស និងអង្គការសង្គមស៊ីវិល បានមានវត្តមានចូលរួម ដោយផ្ទាល់នៅក្នុងបន្ទប់សវនាការ សរបញ្ជាក់យ៉ាងច្បាស់ថា នីតិវិធីតុលាការបានប្រព្រឹត្តទៅដោយមានការចូលរួម និងតម្លាភាពត្រឹមត្រូវ។
ទី៤-ពាក្យពេចន៍មិនសមរម្យរបស់លោកស្រីសាស្ត្រាចារ្យពាក់ព័ន្ធនឹងតុលាការកម្ពុជា គឺជាការជ្រៀតជ្រែកក្នុងប្រព័ន្ធ យុត្តិធម៌ជាតិនៃរដ្ឋអធិបតេយ្យមួយ។
និងទី៥-អ្នករាយការណ៍ពិសេសមានកាតព្វកិច្ចបំពេញតួនាទីរបស់ខ្លួនឱ្យបានម៉ឺងម៉ាត់តាម «ក្រមប្រតិបត្តិ» និង«សៀវភៅណែនាំប្រតិបត្តិការសម្រាប់អ្នកកាន់អាណត្តិនីតិវិធីពិសេស» ដែលគូសបញ្ជាក់អំពីសារៈសំខាន់នៃការចងក្រងព័ត៌មានដែលពិតនិងបានផ្ទៀងផ្ទាត់ត្រឹមត្រូវ និងគោរពបទប្បញ្ញត្តិក្នុងស្រុកនិងធម្មនុញ្ញអង្គការសហប្រជាជាតិ។
ស្ថានបេសកម្មអចិន្រ្តៃយ៍កម្ពុជា សូមបញ្ជាក់សាជាថ្មីនូវការប្តេជ្ញាចិត្តឥតងាករេ របស់រាជរដ្ឋាភិបាលកម្ពុជា នៅក្នុងការបន្តធានាការអនុវត្តសិទ្ធិនិងសេរីភាពទាំងអស់ ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ និងនៅក្នុងក្របខណ្ឌនីតិរដ្ឋ ដើម្បីជាឧត្តមប្រយោជន៍សម្រាប់ប្រជាពលរដ្ឋគោរពច្បាប់ទាំងអស់ មិនមែនសម្រាប់ក្រុមជាក់លាក់ណាមួយទ្បើយ៕EB